ក្មេ//ងទំនើង ១៨នាក់ ក្នុងចំណោម ៥០នាក់ ពីបទហិ//ង្សាដោយចេតនាមានស្ថានទម្ងន់ទោស
(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្មេងទំនើង ចំនួន ១៨នាក់ ក្នុងចំណោម ៥០នាក់ មានឈ្មោះ ក្រុម C.T.C, ក្រុម៩៧ ហៅផ្ទះឡ និងក្រុម ពោធិ៍ចិនតុងហ្ស៉ីន P.C.T ត្រូវបានចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
បើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្មេងទំនើងពីរក្រុម ដោយ០១ក្រុមមានគ្នាជាង១០នាក់ ម៉ូតូ០៥គ្រឿង មិនចាំម៉ាក ហើយខ្លះថ្មើរជើងជាក្រុមឈ្មោះ C.T.C និងក្រុម៩៧ ហៅផ្ទះឡ និង០១ក្រុមទៀតឈ្មោះ ពោធិ៍ចិនតុងហ្ស៊ីន P.C.T មានគ្នាជាង៥០នាក់ ជិះម៉ូតូប្រហែល៤០គ្រឿងមិនចាំម៉ាក បានប្រើអំពើហិង្សាយកដុំថ្ម ដុំឥដ្ឋ មួកសុវត្ថិភាព ដំបងឈើ ដែកទីប កាំបិតប៉័ងតោ កាំបិតផ្គាក់ ដេញកាប់គ្នា គប់ដុំថ្មដាក់គ្នា និងដេញវាយគ្នាទៅវិញទៅមក នៅចំណុចលើផ្លូវមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេង ទល់មុខផ្សារខេម៉ល ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យក្រុមទី១ ចំនួន ០៤នាក់ រួមមាន ១-ឈ្មោះ អុល ស្នា ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ ឆាយ ថៃ ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ផុន ចាន់ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ ទី វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងវត្ថុតាងកាំបិតផ្គាក់០១ដើម ហើយក៏បានបន្តឃាត់ខ្លួនជនសង្ស័យក្រុមទី០២ ចំនួន១៤នាក់ រួមមាន ១-ឈ្មោះ ម៉េត មករា ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ ម៉ូ សម្បត្តិ ភេទប្រុស អាយុ ១៩ឆ្នាំ, ៣-ឈ្មោះ គឹម វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ, ៤-ឈ្មោះ ផាត ចន្លោះ ភេទប្រុស អាយុ ១៨ឆ្នាំ, ៥-ឈ្មោះ ធាង លីសា ភេទប្រុស អាយុ២០ឆ្នាំ, ៦-ឈ្មោះ ឈុន សុខធឿន ភេទប្រុស អាយុ១៩ឆ្នាំ, ៧-ឈ្មោះ ជន សុវណ្ណរស្មី ភេទប្រុស អាយុ២១ឆ្នាំ, ៨-ឈ្មោះ សឿន ធិន ភេទប្រុស អាយុ១៨ឆ្នាំ, ៩-ឈ្មោះ រាំ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ,១០-ឈ្មោះ លឹម ឆាយហាក់ ភេទប្រុស អាយុ១៨ឆ្នាំ, ១១-ឈ្មោះ កុយ ធឿន ហៅចក់ ភេទប្រុស អាយុ១៤ឆ្នាំ, ១២-ឈ្មោះ ចៀវ វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ, ១៣-ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ, ១៤-ឈ្មោះ យ៉ែម ឆៃយ៉ុន ភេទប្រុស អាយុ១៩ឆ្នាំ សរុបចំនួន ១៨នាក់។
ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុម ជនសង្ស័យទាំង១៨នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមហាវិថីចោមចៅហៅផ្លូវវ៉េងស្រេង ទល់មុខផ្សារខេម៉ល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ៕