ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តគិរីជលសារកោះរ៉ុង ក្រុងកោះរ៉ុង.

ខេត្តព្រះសីហនុ÷ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យនៅវត្តគិរីជលសារកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

អង្គកឋិនទានសាមគ្គីនេះ ដោយមានការផ្តួចផ្តើមពីឯកឧត្តមប្រធានក្រុមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា លោកឧកញ៉ា ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត គិរីជលសារកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានមូលមតិគ្នាជាឯកច្ឆ័ន្ធ ប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អង្គកឋិនទានសាមគ្គីនេះ គឺជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាលមានត្រឹមតែ ២៩ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឃដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។ ការរៀបចំពិធីអង្គកឋិនទាននេះអាចប្រព្រឹត្តិទៅបាន អាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រទេសថែរក្សាសុខសន្តិភាព និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង