សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការរៀបចំប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ, ទោះមិនបានតាមដានផ្ទាល់ តែសម្ដេចមើលតាមការផ្សាយផ្ទាល់រហូត
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដែលប្រព្រឹត្តទៅបានដោយជោគជ័យ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ពោលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា នៅឆ្នាំក្រោយនឹងមានការចូលរួមប្រកួតច្រើនជាងឆ្នាំលើកដំបូងនេះ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ «មរតកយុទ្ធគុនដូនតាខ្មែរ»។
បើទោះបីមិនបានអញ្ជើញទស្សនាព្រឹត្តិការណ៍ប្រកួតដោយផ្ទាល់នៅទីលាន ប៉ុន្ដែសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្ដេចបានតាមដានជាប់ជាប្រចាំតាមរយៈការផ្សាយផ្ទាល់ចេញពីទីលានប្រកួត ទោះបីសម្ដេចជាប់បេសកកម្មនៅក្រៅប្រទេស ក៏នៅតែឆ្លៀតពេលសម្រាកដើម្បីតាមដានការប្រកួតដ៏ល្អមួយនេះផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេល៣ថ្ងៃហើយ ដែលបងប្អូនបានប្រកួតដោយយកចិត្តទុកដាក់ និងគ្រប់គ្រងដឹកនាំការប្រកួត។ ខ្ញុំអត់បានមើលផ្ទាល់រហូតដល់ល្ងាចនេះ ប៉ុន្ដែបានមើលជាប់តាមការ Live (ផ្សាយផ្ទាល់) ទៅដល់ប្រទេសឥណ្ឌូនេស៉ីក៏អង្គុយមើលដែរ ឃើញការប្រកួត ការសម្ដែងរយៈពេល៣ថ្ងៃនេះ គឺធ្វើបានដោយរលូន។ ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ»។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ក្នុងរយៈពេលខ្លី គណៈកម្មការរៀបចំបានល្អ ថែមទាំងមានការចូលរួមយ៉ាងច្រើនកុះករសំណាក់កីឡាការ ដែលមកពីបណ្ដាសហព័ន្ធផ្សេងៗ និងអង្គភាពជាច្រើនទៀត សរុបចំនួន៥៥អង្គភាព/ក្លឹប/សហព័ន្ធ ដែលបានចូលរួម។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ការរៀបចំលើកដំបូងនៅឆ្នាំ២០២៤នេះ ដោយសារតែទីលានតូចគឺអាចកំណត់អ្នកចូលរួមប្រកួតត្រឹមជាង៤០០នាក់ប៉ុណ្ណោះ ប៉ុន្ដែសម្ដេចជឿជាក់ថា ផ្អែកតាមបទពិសោធន៍លើកដំបូងនេះ នៅឆ្នាំបន្ដបន្ទាប់នឹងអាចមានការចូលរួមប្រកួតច្រើនជាងនេះ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យយុទ្ធគុនបុរាណ ចំនួន៣៥រូប ដែលបានចូលរួមចំណែកក្នុងការរៀបចំប្រកួត និងសម្ដែងក្នុងព្រឹត្តិការណ៍នេះ។
សូមរំលឹកថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» លើកទី១ បានរៀបចំធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ក្រៅពីការប្រកួតដែលមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ចូលរួម ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ក៏នឹងមានការរៀបចំពិព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅមុខវិមានពហុកីឡដ្ឋានជាតិផងដែរ ដោយមានការតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ៕