Lewandowski ស៊ុត ២គ្រាប់ ដើម្បីក្លាយជា Top scorer នៅពេល Barca បំបាក់ភ្ញៀវ Sevilla

(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Robert Lewandowski បានបន្ថែម ២គ្រាប់ ក្នុងការឡើងទៅឈរទីកំពូលតារាង Top scorer នៃលីគ La Liga ជាបណ្តោះអាសន្ន ក្រោយលេងបាន ១០ប្រកួត បន្ទាប់ពីជួយ FC Barcelona យកឈ្នះក្រុមភ្ញៀវ Sevilla ៥-១ នៅរាត្រីថ្ងៃអាទិត្យ ទី២០ ខែតុលា។
ពីគេហទំព័រកីឡា BBC បានឱ្យដឹងថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានបណ្តោះអាសន្ន Estadi Olimpic Lluis Companys ដែលមានទស្សនាផ្ទាល់ប្រមាណជិត ៥ម៉ឺននាក់។ ប្រធានក្រុមប៉ូឡូញ Lewandowski ជាអ្នករកបានគ្រាប់បើកឆាកដោយបាល់ពិន័យ ១១ម៉ែត្រក្នុងនាទី២៤ មុនពេលអតីតផ្ទេរមកពីក្លិបអាល្លឺម៉ង់ Bayern Munich រូបនេះបានបន្ថែមគ្រាប់ទី២ បង្រ្គប់ ១២គ្រាប់ច្រើនជាងគេក្នុងលីគអេស្ប៉ាញរដូវកាលនេះ នៅចុងម៉ោងនៃវគ្គទី១។
ក្រៅពី Lewandowski មិត្តរួមក្រុម Pedri ក៏រួមចំណែករកបាន ១គ្រាប់ និង Pablo Torre ២គ្រាប់ផងដែរ ដ្បិតក្រុមភ្ញៀវ Sevilla វាយបកវិញបានតែ ១គ្រាប់នៅនាទី៨៧ ដោយកីឡាករ Idumbo។
Lewandowski ដែលកើនវ័យ ៣៦ឆ្នាំទៅហើយនោះ រកបាន ១៤គ្រាប់ ពីការចូលលេងចំនួន ១២ប្រកួតគ្រប់កម្មវិធីនារដូវកាលឆ្នាំ២០២៤-២០២៥ ស្ថិតក្រោមការបង្វឹកដោយលោក Hansi Flick។ នេះជាជ័យជម្នះលើកទី៩ ក្រៅពីចាញ់១ ក្នុងចំណោម ១០ប្រកួតជើងទី១ នៅ La Liga មានចំនួន ២៧ពិន្ទុ នាំមុខក្រុមការពារតំណែងជើងឯក Real Madrid ៣ពិន្ទុ គ្រាដែល Sevilla ឈរលេខ១៣ មានតែ ១២ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង