សម្តេច ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបិទជាផ្លូវការ ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងការទូតសភា ដោយយកប្រជាពលរដ្ឋជាស្នូល នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ ជាមួយបណ្តាថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា ព្រមទំាងភ្ញៀវកិត្តិយសម្ចាស់ផ្ទះ នៅសាលសន្និសីទជាតិរបស់ប្រទេសឡាវ នារដ្ឋធានីវៀងចន្ទន៍ ។
ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” មហាសន្និបាតអាយប៉ាលើកទី៤៥ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣៧ ក្នុងចំណោមគណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា និងគណៈកម្មាធិការរៀបចំ ៕