លិចកាណូត១គ្រឿង នៅប្រទេសភូមា បណ្ដាលឱ្យស្លាប់មនុស្ស៧នាក់ សាកសពជនរងគ្រោះដែលគេបានរកឃើញ ខណៈ១១នាក់ត្រូវគេជួយសង្គ្រោះទាន់ពេល
ទីក្រុងរ៉ង់ហ្គូន៖ ថ្មីៗនេះមានហេតុការណ៍លិចកាណូត១គ្រឿងនៅប្រទេសភូមាបណ្ដាលឱ្យស្លាប់មនុស្ស៧នាក់ សាកសពជនរងគ្រោះដែលគេបានរកឃើញ។
ក្រៅពីនេះមនុស្សជាង៧០នាក់ទៀតបាត់ខ្លួន ខណៈដែល១១នាក់ត្រូវគេជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែពួកគាត់ក៏មានអាការៈរបួសផងដែរដែលត្រូវគេបញ្ជូនបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សាក្សីនិយាយថាហេតុការណ៍នេះកើតឡើងនៅក្បែរភូមិខ្ចៅកា (Kyaukkar) នៃទីក្រុងផាឡាវ (Palaw)។
កាណូត១គ្រឿងនោះបានចាកចេញដំណើរពីមាត់កំពង់នៃភូមិខ្ចៅកា ឆ្ពោះទៅទីក្រុងមីយេក (Myeik)។ កំពុងបើកនៅលើទឹកសុខៗ កាណូតនោះស្រាប់តែលិចភ្លឹបទៅក្នុងទឹកបាត់នៅម៉ោង៩យប់ក្បែរស្ទឹងខ្ចៅកា។ ហេតុការណ៍នេះបណ្ដាលឱ្យស្លាប់មនុស្ស៧នាក់។ ៥នាក់ត្រូវគេជួយសម្រួលឱ្យមានសុខភាពល្អឡើងវិញ។ រីឯ៦នាក់ត្រូវគេដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
នៅក្នុងចំណោមជនរងគ្រោះដែលស្លាប់៧នាក់នោះក៏មានសិស្សមួយចំនួនផងដែរ។ អ្នកជិះកាណូតនោះភាគច្រើនទើបតែវិលត្រឡប់ពីឈប់សម្រាកបុណ្យសែនព្រះខែ ហើយត្រូវចូលរៀនវិញ។ មិននឹកស្មានថាគ្រោះអកុសលកើតឡើងដោយមើលមិនឃើញយ៉ាងដូច្នេះសោះ។ ដោយសារប្រទេសភូមាកំពុងមានសង្គ្រាមស៊ីវិល ដូច្នេះ ផ្លូវគោកដែលពួកគេធ្លាប់ប្រើប្រាប់សម្រាប់ការធ្វើដំណើរត្រូវបិទខ្ទប់ទាំងស្រុង។ ពួកគេត្រូវតែធ្វើដំណើរតាមផ្លូវទឹកវិញម្ដងដោយប្រើប្រាស់ទូក ឬកាណូត។
អ្នកស្ម័គ្រចិត្តម្នាក់ដែលចូលរួមនៅក្នុងការជួយសង្គ្រោះនោះប្រាប់ថាសភាពការណ៍បច្ចុប្បន្នពោរពេញដោយគ្រោះថ្នាក់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ អ្នកដំណើរភាគច្រើនត្រូវតែជិះទូក ឬកប៉ាល់។ ក្រោយហេតុការណ៍នេះ ពួកអ្នកស្រុកបានចុះជួយសង្គ្រោះជាបន្ទាន់ដោយប្រើប្រាស់ទូក។ ត្រឹមម៉ោង១១:២៥យប់ គេបានដឹកជញ្ជូនអ្នកនៅរស់១១នាក់ និងសាកសពមនុស្ស៧នាក់ទៅមន្ទីរពេទ្យខ្ចៅកា (Kyaukkar)។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនដទៃទៀត៕