អបអរសាទរ! ក្រុម U17 កម្ពុជា យកឈ្នះម៉ាកាវ ១-០ ដើម្បីឈរកំពូលតារាង នៃវគ្គជម្រុះពាន AFC U17 Asian Cup បណ្ដោះអាសន្ន
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមយុវជន U117 ម៉ាកាវ ១-០ នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី (AFC U17 Asian Cup) ឆ្នាំ២០២៥ ពូលB នៅរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
ការប្រកួតទី២ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នេះ ក្រុមគោព្រៃជំទង់កម្ពុជា បានបើកការនាំមុខក្រុម U17 ម៉ាកាវ ១-០ នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ពៅ ពីមករា នៅនាទី១៦។ ចូលវគ្គទី២ ម្ចាស់ផ្ទះកម្ពុជា នៅតែព្យាយាមដាក់សម្ពាធ តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ។
ជាមួយជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិ U17 កម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា នាំមុខក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន ដែលទើបយកឈ្នះក្រុម U17 ហ្វីលីពីន ៨-០ ក្នុងការប្រកួតដំបូងរបស់ខ្លួន កាលពីល្ងាចមិញ ដែលនាំឲ្យអាហ្វហ្គានីស្ថាន រកបាន ៣ពិន្ទុស្មើហ្វីលីពីន។
ទោះបីម្ចាស់ផ្ទះកម្ពុជា ឡើងឈរកំពូលតារាង តែឱកាសប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ នៅមិនទាន់អាចសន្មត់បានឡើយ ដ្បិតនៅសល់ ២ប្រកួតទៀត ដោយត្រូវប្រឈមជាមួយក្រុមសុទ្ធតែខ្លាំងៗ ពោលគឺត្រូវជួបក្រុម U17 អាហ្វហ្គានីស្ថាន នាថ្ងៃទី២៥ ខែតុលា និងត្រូវជួបក្រុម U17 ហ្វីលីពីន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គបន្ដ៕