ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ វិស័យព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អ និងអាក្រក់ ព្រមទាំងចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី បានឲ្យឯកឧត្តម និងលោកជំទាវ ដង្ហែអង្គកឋិនទានមហាសាមគ្គី មកវេរប្រគេនដល់សម្តេចព្រះសង្ឃនាយករងទី២ គង់នៅវត្តច័ន្ទបុរីវង្សនាពេលនេះ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តច័ន្ទបុរីវង្ស ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស ៕