បង្ក្រាបលុបនិងកម្ទេចចោលរណ្តៅជីករុករករ៉ែមាស ដោយខុសច្បាប់ ចំនួន២កន្លែង

ខេត្តព្រះវិហារ ៖ បង្ក្រាបទីតាំងជីករ៉ែមាសដោយខុសច្បាប់និងកម្ទេចសម្ភារៈចោលនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើង នៅថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ត្រង់ចំណុចភូមិរំដេង ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ។
ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
ទីតាំងជីករុករករ៉ែមាសខាងលើជាទីតាំងដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ឋិឱ្យក្រុមហ៊ុនធ្វើការស្រាវជ្រាវរុករករ៉ែមាស ហើយអាជ្ញាធរនឹងមន្ទីរជំនាញបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវនោះទេ ព្រោះកន្លងមក មានកម្មករជួបគ្រោះថ្នាក់រហូតស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ទៀតផងក៏មាន។
លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ និងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជាច្រើនដងដែរដើម្បីការពារអាយុជីវិតកម្មករ ដែលអាជ្ញាធរអនុញ្ញាតឱ្យជីកតែរណ្តៅរាក់ៗ ហាមជីកលុងជ្រៅជាកំពែងចូលជ្រៅទៅក្នុងដីជ្រៅនោះ។
ឯទីតាំងដែលកម្លាំងចុះបង្ក្រាបនាពេលនេះទី១.មានម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោលទាំងស្រុងហើយ។
ទី២.មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គឺធ្វើនៅក្នុងដីឡូត៍ផ្ទះឈ្មោះ ចែឆយ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចកម្ទេចចោលទាំងស្រុង ។

លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនឹងថាមពលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរំដេងទាំងអស់ ពិសេសកម្មករដែលចំណាកស្រុកមកធ្វើជាកម្មករជីករុករករ៉ែមាស សូមកុំជឿឧបាយកលទុច្ចរិតរបស់ថៅកែៗជីកមាសដោយខុសច្បាប់និងគ្មានបច្ចេកទេសត្រឹមត្រូវនោះឲ្យសោះ នាំឲ្យជួបគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនយើងបន្តទៀត ។
ឯការជីករុករករ៉ែមាសអនាធិបតេយ្យដោយខុសច្បាប់នៅក្នងទីតាំងខាងលើនោះក៏នៅមានជាច្រើនទៀតដែលកម្លាំងជំនាញមិនទាន់មានការបង្ក្រាបនៅឡើយ គឺទើបតែចាប់ផ្តើមបានពីរទីតាំងប៉ុណ្ណោះ ហើយមហាជននិងមជ្ឈដ្ឋានជុំវិញក៏កំពុងរង់ចាំមើលការបង្ក្រាបបន្តបន្ទាប់ទៀតដែរខ្លាចក្រែងតែមិនបានអារសាច់ជូនខ្លាទើបមិនអាចនៅស្រុកបានបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង