សម្ដេចធិបតី បញ្ជាឱ្យស្រាវជ្រាវរកមេខ្យល់ បំផុសបំផុលពលរដ្ឋឱ្យទៅចាប់ដីខុសច្បាប់ នៅខេត្តមណ្ឌលគិរី

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាដល់អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ប័ន្ធត្រូវចុះស្រាវជ្រាវបន្ទាន់ ករណីមានមេខ្យល់កំពុងបំផុសបំផុលពលរដ្ឋឱ្យទៅចាប់ដីខុសច្បាប់នៅខេត្តមណ្ឌលគិរី ដើម្បីយកមកអនុវត្តតាមច្បាប់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បញ្ហាមេខ្យល់ញុះញង់ពលរដ្ឋឱ្យទៅចាប់ដីខុសច្បាប់នេះបើមិនគិតគូរស្រាវជ្រាវរកមុខឱ្យបានទាន់ពេលវេលាទេ ពួកគេនឹងទៅបោកប្រាស់ប្រជាពលរដ្ឋ និងញុះញង់ពលរដ្ឋឱ្យទៅកាប់រានដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់ ក្នុងនោះក៏មានពលរដ្ឋមួយចំនួនអាចចាញ់បោកមេខ្យល់ មានការបង់ប្រាក់ឱ្យក្រុមមេខ្យល់ថែមទៀតផង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី សម្ដេចបន្តដាក់ចេញនូវគោលនយោបាយផ្ដល់ដីដល់ប្រជាពលរដ្ឋដែលខ្វះដីជាក់ស្ដែង តាមរយៈការបញ្ជាក់ទៅអាជ្ញាធរភូមិ ឃុំ និងក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីឈានទៅការផ្ដល់ដីជូនដល់ប្រជាពលរដ្ឋខ្វះខាតពិតប្រាដក។ ជាមួយគ្នានេះសម្ដេចធិបតីក៏ធ្លាប់បានលើកទឹកចិត្ត ផ្ដល់ដីជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតដី បើចង់ទៅរស់នៅខេត្តភូមិភាគឦសាន រាជរដ្ឋាភិបាលក៏នឹងផ្ដល់ដីជូនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង