ក្រុមចោរ ដែលផ្លោះរបង និងឆ្កឹះសោ ឡើងលើផ្ទះ ចូលលួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋនៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ យ៉ាងសកម្ម (ទើបចេញពីពន្ធនាគារ ផងដែរ)
ភ្នំពេញ ៖ ក្រុមចោរ ដែលផ្លោះរបង និងឆ្កឹះសោ ឡើងលើផ្ទះ ចូលលួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋនៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ យ៉ាងសកម្ម នៅត្រូវបានចាប់ឃាត់ខ្លួនបាន២នាក់ ក្នុងករណី ២ផ្សេងគ្នា ដែលជនសង្ស័យទាំងពីរនាក់នោះ មានផ្ទុកសារធាតុញៀន និងទើបចេញពីពន្ធនាគារ ផងដែរ ។
ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស ផ្លោះរបងឡើងលើផ្ទះជួល នៅផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ជនរងគ្រោះ ឈ្មោះ ជា សុផាន ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុ។ សម្ភារៈបាត់បង់ មាននាឡិកាដៃ ចំនួនពីរគ្រឿង មិនចាំម៉ាក និងលុយចំនួន ១១ម៉ឺន៥ពាន់រៀល ។
ជនសង្សយ័ ឈ្មោះ រ៉ា បញ្ញា ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខផ្លូវ៤៣បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្នុងខ្លួនផ្ទុកសារធាតុញៀន) ។
នៅ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះបានចូលសម្រាក នៅលើសាឡុង ជាន់ផ្ទាល់ដី ចំណែកប្តីជនរងគ្រោះ សម្រាកក្នុងបន្ទប់ជាន់ទី១ លុះដល់វេលាម៉ោងប្រហែល០៧ព្រឹក ថ្ងៃខែឆ្នាំដដែល ប្តីជនរងគ្រោះបានសួររកនាឡិកាដៃ ព្រោះឃើញតែប្រអប់នាឡិកា នៅលើតុក្បែរបន្ទប់ទឹក ពេលនោះជនរងគ្រោះ បានឆែកមើលកាម៉េរាសុវត្ថិភាព បានឃើញជនសង្ស័យម្នាក់ ចូលក្នុងផ្ទះធ្វើសកម្មភាពលួចយកលុយចំនួន១១ម៉ឺន៥ពាន់ ពីក្នុងថតតុ រួចគេចខ្លួនចេញទៅបាត់ ។ លុះដល់វេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍បឹងទំពន់ទី២ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង និងអនុវត្តន៍ តាមបទបញ្ជារបស់វរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កម្លាំងសមត្ថកិច្ចសង្កាត់បឹងទំពន់ បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ បានកំណត់អត្តសញ្ញាណជនសង្ស័យបាន ។ លុះដល់វេលម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំសមត្ថកិច្ច កំពុងល្បាតក្នុងមូលដ្ឋានបឹងទំពន់ទី២ ក៏បានប្រទះឃើញជនសង្ស័យដើរតាមបណ្ដោយផ្លូវ៣៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ា បញ្ញា ហៅតឿ នាំមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍បឹងទំពន់ទី២ តែម្តង ។
ក្រោយពីសាកសួរជនសង្ស័យ ឈ្មោះ រ៉ា បញ្ញា ហៅតឿ ភេទប្រុស អាយុ២៧ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានឡើងតាមរបងផ្ទះចូលក្នុងផ្ទះជួល ចូលលួចលុយចំនួន (ដប់មួយម៉ឺនប្រាំពាន់រៀល) ពិតប្រាកដមែន ។
ចំណែកករណីទីពីរ លោកវរសេនីយ៍ត្រី ភិន ផល នាយនគរបាលប៉ុស្តិ៍បឹងទំពន់២ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ឡើងរបងផ្ទះឆ្កឹះសោទ្វារ ចូលយកទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខB១ ផ្លូវលេខ៤៥បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤និង០៤នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ជនរងគ្រោះ ឈ្មោះ លី ស៊ីវ៉ែន ភេទប្រុស អាយុ៥៥ឆ្នាំជនជាតិខ្មែរ មុខរបរសព្វថ្ងៃ បុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះB១ ផ្លូវលេខ ៤៥បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ មុំ ណារិន ហៅ រិន ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅចប្ចុប្បន្ន ផ្ទះជួលគ្មានលេខ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ខ្លួនផ្ទុកសារធាតុញៀន) និងម្នាក់ទៀត ឈ្មោះ សុង ភេទប្រស អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅផ្ទះជួលមុំសាលាកសិកម្មចំការដូង សង្កាតដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បច្ចុប្បន្នគេចខ្លួនបាត់) ។
លោកមេប៉ុស្តិ៍នគរបាលបឹងទំពន់២ បានឱ្យដឹងថា ជនសង្ស័យពេលឃាត់ខ្លួនបានមានវត្ថុតាង ទូរសព្ទ OPPO ចាស់មួយគ្រឿង ម៉ូតូ HONGDA SCOOPY I ឆ្នាំ២០២០ ពណ៌ស ស្លាកលេខ កណ្ដាល 1AL-5151 ។
ចំណែកសម្ភារៈរបស់ជនរងគ្រោះដែលបាត់បង់ រួមមាន ៖ LAPTOP មួយគ្រឿង ម៉ាក LENOVO ម៉ាស៊ីនឆូតលុយ(លីហួរ)មួយគ្រឿង ទូរសព្ទ ម៉ាក OPPO ពណ៍ខ្មៅ មួយគ្រឿង កាតគ្រីរថយន្តមួយសន្លឹក សំគាស់រថយន្តម៉ាក LEXUS RX 450H ពណ៍ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 2AX-9693 ។
ករណីទី២នេះ កាលពីនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ រងគ្រោះឈ្មោះ លី ស៊ីវ៉ែនបានចូលទៅសម្រាកខាងក្នុងបន្ទប់លង់លក់អស់ទៅ លុះដល់វេលាម៉ោងប្រហែល០៦ព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានបើកទ្វារខាងក្រោយផ្ទះ បានឃើញកាបូបលុយ នៅរាយប៉ាយនៅក្រោយផ្ទះ ក៏ឃើញទ្វារផ្ទះជាន់ទី១ របើក ទើបដឹងថាមានចោរ ឆ្កិះគន្លឹះទ្វារចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិ ។ បន្ទាប់មក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍បឹងទំពន់ទី២ តែម្តង ។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ មើលកាមេរ៉ាសុវត្តិភាព ក្បែរកន្លែងកើតហេតុខាងលើ ក៏កំណត់អត្តសញ្ញាណបាន រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ (ពោលគឺរយៈពេលជិត១ខែ) បានឃើញជនសង្ស័យឈ្មោះ មុំ ណារិន ភេទ ប្រុស អាយុ ២២ឆ្នាំ អង្គុយលើម៉ូតូតាមបន្ដោយផ្លូវ ៤៥បេតេ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការសង្ស័យ កម្លាំងល្បាតបានឃាត់ត្រួតពិនិត្យ និងឃាត់នាំយកមកប៉ុស្តិ៍ធ្វើការសាកសួរ ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះមុំ ណារិន ក៏បានសារភាពថា រូបគេមិនមែនអ្នកចូលលួចទេ គឺឈ្មោះសុង(ជនសង្ស័យ) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ខ្លួនជិះម៉ូតូម៉ាក HONGDA SCOOPY ឌុបឈ្មោះសុង ទៅផ្លូវ៤៥ ភូមិត្នោតជ្រុំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហើយឈ្មោះសុង បានលោតចុះពីលើម៉ូតូ ឡើងតាមរបងផ្លោះចូលផ្ទះគេបាត់ទៅ រួចខ្ញុំ ក៏ជិះម៉ូតូទៅអោយឈ្មោះមាស ត្រូវជាប្រពន្ធឈ្មោះសុងវិញ រួចក៏ត្រលប់ទៅផ្ទះដេកទៅ ។ លុះដល់ព្រឹកឡើង វេលាម៉ោង០៨ ឈ្មោះសុង បានផ្ញើលុយ 5$ តាមគណនី ABA ដោយប្រាប់ថា យកទៅចាយចុះ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២ ខាងលើនេះ កំពុងឃាត់ខ្លួននៅរអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕