ក្រុមចោរពីរនាក់ ជិះម៉ូតូធ្វើសកម្មភាពលួចពងមាន់ពីលើរថយន្ត ម្ចាស់ឃើញទាន់ដេញ រួចផ្ដួលម៉ូតូហើយរត់ចោល
ភ្នំពេញ៖ កាលពី ល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ជនសង្ស័យពីរនាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊យគីនិចមួយគ្រឿងមកធ្វើសកម្មភាពដើរលួចពងមាន់ដឹកតាមរថយន្ត តែអស់លក្ខណ៍ម្ចាស់ឃើញទាន់ក៏ជិះម៉ូតូប្រដេញពីក្រោយប៉ផាប់ពភីងធ្វើឲ្យជនសង្ស័យភ័យផ្ដួលម៉ូតូចោលរត់គេចខ្លួនចូលទៅក្នុងភូមិបាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងកងរាជអាវុធហត្ថខណ្ឌ នៅចំណុចមុខផ្សារដើមគ ស្ថិតនៅលើផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ រូបគាត់តែងតែបើករថយន្តដឹកពងមាន់ចេញពីក្រុមហ៊ុន ដេីម្បីទៅដាក់ឱ្យម៉ូយជារៀងរាល់ថ្ងៃ ហើយខណៈពេលដឹកយកមកដល់កន្លែងម៉ូយម្តងៗតែងតែបាត់ពងមាន់ពីក្នុងរថយន្ត អស់ជាច្រើនដុំ បើគិតជាប្រាក់ជាង១០មុឺនរៀល ។ លុះមកដល់វេលាកើតហេតុខាងលើ រូបគាត់បានបើករថយន្តដឹកពងមាន់ចេញពីក្រុមហ៊ុនយកទៅដាក់ឱ្យម៉ូយម្តងទៀត រួចក៏ធ្វើដំណើរកាត់តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូង ខណៈរូបគាត់បានរៀបចំគម្រោងទុកជាមុនដោយមានបុគ្គលិករួមការងារម្នាក់ជិះម៉ូតូតាមមើលពីក្រោយ ពេលបើករថយន្តមកដល់ចំណុចកើតហេតុមុខផ្សារដើមគក្បែរស្ពានអាកាសថ្មើរជើងស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1BO-8286 ឌុបគ្នាធ្វើដំណើរមកពីក្រោយម្នាក់បើកម៉ូតូនិងម្នាក់ជាជនដៃដល់ចុះទៅលួចយកពងមាន់ពីលើរថយន្តបម្រុងនិងជិះរត់គេចខ្លួន ក៏ត្រូវបានបុគ្គលិកជិះម៉ូតូពីក្រោយឃើញក៏ប្រដេញពីក្រោយយ៉ាងប៉ផាប់ពភីងធ្វើឱ្យជនសង្ស័យភ័យផ្ដួលម៉ូតូចោលហើយរត់គេចខ្លួនចូលទៅក្នុងភូមិបាត់ស្រមោល។
ក្រោយមកភាគីម្ចាស់រថយន្តដឹកពងមាន់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុ។ ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានយកម៉ូតូជនសង្ស័យខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន។ ចំណែកឯជនសង្ស័យទាំង២នាក់សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់ ៕