អគ្គិភ័យឆាបឆេះ បណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី ឆេះលំនៅឋានអស់ចំនួន០៥ខ្នង
ខេត្តបាត់ដំបង ៖ កាលពី យប់ថ្ងៃទី២៣ តុលា ឆ្នំា២០២៤ អគ្គិភ័យដែលគេអះអាងថា បណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនីបានឆេះលំនៅឋានអស់ចំនួន០៥ខ្នង នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ដែលការខូចខាតគិតជាទឹកប្រាក់សរុបជាង២២ម៉ឺនដុល្លារ ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ។
លំនៅឋានដែលត្រូវអគ្គិភ័យឆេះរាលដាលអស់ចំនួន០៥ខ្នងនោះ សាងសង់នៅក្បែរៗគ្នា ដែលជាទីប្រជុំជនលក់ដូរមួយកន្លែងនៅលើខ្នងទំនប់«អាងកំពីងពួយ» ។ ម្ចាស់លំនៅឋានដែលរងគ្រោះរួមមាន៖ ១-ឈ្មោះមឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ អស់ផ្ទះមួយខ្នង ទំហំ៦ម៉x៤០ម៉ ធ្វើពីថ្មប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ និងផ្ទះគិតជាទឹកប្រាក់ប្រមាណ០២ម៉ឺនដុល្លារ ។ ២-ឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ ខូចខាតផ្ទះមួយខ្នង ទំហំ៤០ម៉x៥០,៥ម៉ (ផ្ទះនិងឃ្លាំង) ធ្វើពីដែកប្រក់ស័ង្កសីឆេះទាំងស្រុង ក្នុងនោះ ឆេះប្រាក់ដុល្លារសុទ្ធអស់ចំនួន២,៣ម៉ឺនដុល្លារ និងទ្រព្យសម្បត្តិគិតជាទឹកប្រាក់ចំនួន០២ម៉ឺនដុល្លារទៀត សរុបទាំងអស់ចំនួន៤,៣ម៉ឺនដុល្លារ ។
៣-ឈ្មោះ ផាន់ ចំរើន ភេទស្រី អាយុ៥៣ឆ្នាំ ខូចខាតផ្ទះមួយខ្នងទាំងស្រុង ទំហំ១០ម៉x៣០ម៉ ធ្វើពីឈើប្រក់ស័ង្កសី ឆេះប្រាក់ដុល្លារសុទ្ធអស់ចំនួន០២ពាន់ដុល្លារ និងទ្រព្យសម្បត្តិគិតជាទឹកប្រាក់ចំនួន០៣ម៉ឺនដុល្លារ សរុបទាំងអស់ចំនួន៣,២ម៉ឺនដុល្លារ។ ៤-ឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៦៦ឆ្នាំ ខូចខាតផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសី ទំហំ១២ម៉,៤០ម៉ ទាំងផ្ទះ និងទ្រព្យសមប្បត្តិគិតជាទឹកប្រាក់ប្រមាណ០១ម៉ឺនដុល្លារ និង៥-ឈ្មោះ អិន សារ៉េត ភេទប្រុស អាយុ៥៧ឆ្នាំ (ផ្ទះបង្កឲ្យមានអគ្គិភ័យ) ខូចខាតផ្ទះមួយខ្នង ធ្វើពីថ្មប្រក់ស័ង្កសី ទំហំ៩,៥ម៉x៤០ម៉ ឆេះប្រាក់ដុល្លារ សុទ្ធប្រមាណជា០៥ម៉ឺនដុល្លារ ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណជា០៧ម៉ឺនដុល្លារ និងរថយន្តម៉ាកឡិចស៊ីសRx 330មួយគ្រឿងទៀត ។
សូមបញ្ជាក់ថា លំនៅឋានដែលត្រូវភ្លើងឆេះនេះ គឺស្ថិតនៅទីប្រជុំជនលើសំណង់ទី២ «អាងកំពីងពួយ» ដែលមានលក់ដូរផង ។ លោក សំ វីរៈ អធិការស្រុកបាណន់បាននិយាយថា លំនៅឋានទាំងនោះ ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង ហើយមានទ្រព្យសម្បត្តិតិចតួចណាស់ ដែលត្រូវបានម្ចាស់ផ្ទះរំដោះផុតពីចំណីភ្លើង។
ជនរងគ្រោះខ្លះមានប្រាក់ច្រើនដោយសារលក់ស្រូវ។ ហើយពួកគេមិនទាន់បានយកទៅទុកនៅធនាគារទេ ។ បើយោងលើរបាយការណ៍ខាងលើនេះ តុល្យការនៃការខាតបង់គិតជាទឹកប្រាក់សរុបប្រមាណ២២,៥ម៉ឺនដុល្លារ ។ មូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតឡើងឆេះផ្ទះអស់ចំនួន០៥ខ្នងគ្មានសល់នេះ បើតាមលោក សំ វីរៈ បានប្រាប់ថា បើតាមការសួរនាំនៅកន្លែងកើតហេតុ អគ្គិភ័យនេះ អាចផ្ដើមចេញពីផ្ទះឈ្មោះ អិន សារ៉េត ដោយសារទុស្សេខ្សែចរន្តអគ្គិសនីនៅផ្ទះបាយខាងក្រោយ។លោកថា រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿងបានចេញជួយអន្តរាគមន៍ តែមិនអាចគ្រប់គ្រងបានទេ ព្រោះអគ្គិភ័យបានឆេះខ្លាំង និងលឿនបំផុត ហើយម្យ៉ាងផ្លូវឆ្ងាយផង ។ ដូច្នេះហើយទើបលំនៅឋានដែលសាងសង់ក្បែរៗគ្នា ត្រូវភ្លើងឆេះអស់ទាំងស្រុង តែពុំមានមនុស្សគ្រោះថ្នាក់ទេ។ ពេលនេះ មន្ត្រីជំនាញ និងអាជ្ញាធរកំពុងចុះត្រូតពិនិត្យ និងវាយតំលៃពីទំហំនៃការខាតបង់ ៕