គ្រោះថ្នាក់ចរាចរណ៍ ដោយរថទេះភ្លើង១ខ្សែបានក្រឡាប់ច្រើនទូ ធ្លាយចេញសុទ្ធតែស្រូវ

ខេត្តពោធិ៍សាត់ ៖ នៅ រសៀល ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថទេះភ្លើង១ខ្សែបានក្រឡាប់ច្រើនទូ ធ្លាយចេញសុទ្ធតែស្រូវ ខណៈកន្លែងកើតហេតុនេះកាលពីប៉ុន្មានខែមុន មានករណីបែបនេះម្ដងរួចមកហើយដែរ ត្រូវបានគេសង្ស័យបណ្ដាលមកពីផ្ទុកធ្ងន់ពេក ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងក្រឡាប់ចេញសុទ្ធតែស្រូវនេះ បានកើតឡើងនៅចំណុចជើងភ្នំក្បាលសៀម ខាងក្រោយសាលាឆទាន(គីរីសុខុម)ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា នៅវេលាម៉ោងខាងលើ គេឃើញរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅ ពីជើងឆ្ពោះទៅទិសខាងត្បូង សំដៅទៅរាជាធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចស្រាប់តែលឺសម្លេងប្រាវៗខ្លាំងៗ និងដាច់ទូ១កំណាត់បណ្ដាលឲ្យកុងតឺន័រ ក្រឡាប់ចេញពីផ្លូវដែកធ្លាយពេញសុទ្ធតែស្រូវ ប៉ុន្តែពុំបង្កឲ្យមានរងរបួសដល់មនុស្សឬសត្វ និងទ្រព្យសម្បាត្តិអ្វីនោះទេ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា រថភ្លើង១ខ្សែដែលរងការគ្រោះថ្នាក់ដោយក្រឡាប់នេះ មានផ្ទុកទូរកុងតឺន័រចំនួន២៨ទូរកុងតឺន័រ ហើយដាច់ចេញពីក្បាលរថភ្លើងត្រង់ចំណុចទូរទី-៥ បណ្ដាលឲ្យទូរកុងតឺន័រចំនួន០៨កុងតឺន័រ ខ្ទាតចេញពីរថភ្លើងធ្លាយចេញសុទ្ធតែស្រូវ ពាក់ព័ន្ធករណីរថភ្លើង១ខ្សែក្រឡាប់នេះដែរ គេពុំដឹងអំពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែគេសង្ស័យអាចបណ្ដាលមកពីផ្ទុកធ្ងន់ពេក ម្យ៉ាងកន្លែងនោះផ្លូវកោងខ្លាំង និងឡើងចំណោទផងដែរ ។ គួររំលឹកផងដែរ កាលពីប៉ុន្មានខែមុនកន្លែងដដែលនេះក៍មានករណីបែបនេះដែរ ប៉ុន្តែគេឃើញរថភ្លើងដឹកអង្ករ ៕

អត្ថបទដែលជាប់ទាក់ទង