AFC U17៖ កម្ពុជា របូត ៣ពិន្ទុដំបូង ក្រោយចាញ់ក្រុមខ្លាំងអាហ្វហ្គានីស្ថាន ៣-១ នៅរាត្រីថ្ងៃសុក្រនេះ
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុដ៏សំខាន់ ក្រោយចាញ់ក្រុមខ្លាំង U17 អាហ្វហ្គានីស្ថាន ៣-១ នៃការប្រកួតជម្រុះជើងឯកយុវជន U17 ទ្វីបអាស៊ី (AFC U17 Asian Cup 2025) ពូលB នៅរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍ ។
ការប្រកួតទី៣ ក្នុងពូលនេះ ម្ចាស់ផ្ទះកម្ពុជា បានដាក់សម្ពាធខ្លាំងលើគូប្រជែង នៅដើមវគ្គទី១ ជាមួយឱកាសស៊ុតមុខទី តែមិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវបានឡើយ ។ បន្ទាប់មកអាហ្វហ្គានីស្ថាន ក៏ព្យាយាមវាយសម្រុកវិញ រហូតរកបានគ្រាប់នាំមុខ នៅនាទី៤៥+១ ដោយកីឡាករ Yaser Safi ។
ចូលវគ្គទី២ ក៏មិនខុសគ្នាដែរ ក្រុមគោព្រៃជំទង់កម្ពុជា នៅតែព្យាយាមវាយសម្រុក ខណៈនៅនាទី៥៥ កម្ពុជាមានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ តែគួរឲ្យស្ដាយកីឡាករ ថាច់ ដារ៉ូ ធ្វើមិនបានសម្រេច គ្រាដែលអាហ្វហ្គានីស្ថាន បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ Waris Shirzai នៅនាទី៧៣ និងកីឡាករ Arash Ahmadi នៅនាទី៩០ មុនកម្ពុជា រកបាន ១គ្រាប់ នៅនាទីចុងក្រោយ ដោយកីឡាករ Rintaro Sakakibara នៅនាទី៩០+៤ ។
ការបរាជ័យលើកដំបូងនេះ នាំឲ្យក្រុមជម្រើសជាតិ U17 កម្ពុជាស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃវគ្គជម្រុះជើងឯកយុវជន U17 អាស៊ី ទោះបីនៅសល់ ១ប្រកួតក្ដី ខណៈក្រុម U17 អាហ្វហ្គានីស្ថាន មានសង្ឃឹមខ្ពស់ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០២៥ ក្រោយរកបាន ៩ពិន្ទុពេញ ពីជ័យជម្នះ ៣លើកជាប់ៗគ្នា មុនការប្រកួតចុងក្រោយជាមួយបង់ក្លាដេស នាថ្ងៃទី២៧ ខែតុលា គ្រាដែលកម្ពុជា នឹងត្រូវជួបហ្វីលីពីន នៅកីឡដ្ឋានព្រីនស៍ដដែល ៕