សមត្ថកិច្ចពិនិត្យទីតាំងកែច្នៃស្ងោរលៀស ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ម្សិលមុិញថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះរួមមាន ថ្នាក់ជាតិ ក្រោមជាតិ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យទីតាំងកែច្នៃស្ងោរលៀស ក្រោយចុះបិទ និងធ្វើកិច្ចសន្យាច្រើនដងនាកន្លងទៅ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចដែលបានចូលរួមផ្ទាល់ ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីសមត្ថកិច្ចសហការចុះពិនិត្យទីតាំងកែច្នៃស្ងោរលៀសខាងលើ ធ្វើឡើងនៅចំណុចខាងកើតបឹងអភិរក្ស(គុជនប់)ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ម្ចាស់ទីតាំងកែច្នៃស្ងោរលៀសខាងលើ ឈ្មោះ ហ៊ិន សៀម ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ និងទីតាំងទី២ ឈ្មោះ លឿង សំខាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បញ្ជាក់(មានលិខិតអនុញាត)។
សមត្ថកិច្ចតម្រូវឲ្យម្ចាស់ទីតាំងកែច្នៃស្ងោរលៀសទាំង២ អនុវត្តឲ្យត្រូវគោលការណ៍ច្បាប់(លិខិតអនុញាត)ទិញលៀសពីប្រជានេសាទដែលនេសាទស្របច្បាប់ ខណៈមន្រ្តីជំនាញ(ជលផល)សម្រួល ដោយនេសាទប្រើប្រាស់កំលាំងម៉ាស៊ីន(ធំ)១៨សេះ កញ្ចែងអូសលៀស(ក្រឡាបីហ៊ុន( ។
ទោះជាយ៉ាងណាក្ដី មន្ត្រីជំនាញរដ្ឋបាលជលផល ពុំបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ ពាក់ព័ន្ធនឹងបញ្ហានេះ ដោយសារការងារកំពុងធ្វើនៅឡើយ ៕