អាជ្ញាធរវៀតណាម ចេញបញ្ជាឱ្យផ្អាកការហោះហើរចេញចូលអាកាសយានដ្ឋាន យ៉ាងតិចចំនួនបួនកន្លែង
ក្រុងហាណូយ៖ អាជ្ញាធរវៀតណាមបានចេញបញ្ជាឱ្យផ្អាកការហោះហើរចេញចូលអាកាសយានដ្ឋានយ៉ាងតិចចំនួនបួនកន្លែងនៅបណ្ដាខេត្តភាគកណ្ដាលដើម្បីទុកជាផ្នែក១នៃការត្រៀមទប់ទល់នឹងខ្យល់ព្យុះដ៏ធំ១ឈ្មោះត្រាមីដែលទើបតែវាយប្រហារប្រទេសហ្វ៊ីលីពីន យ៉ាងចាស់ដៃស្លាប់មិនមែនតិចនាក់ទេ និងបាត់ខ្លួនជាច្រើននាក់រកមិនទាន់ឃើញនៅឡើយផង។ ដូច្នេះ វៀតណាមមិនចង់មើលស្រាលខ្យល់ព្យុះត្រាមីនេះទេព្រោះខ្លាចមានជោគវាសនាដូចករណីខ្យល់ព្យុះឈ្មោះយ៉ាជីដែលបានសម្លាប់មនុស្សយ៉ាងរង្គាលនៅវៀតណាម។ ក្រសួងឧតុនិយមព្យាករថាខ្យល់ព្យុះត្រាមីនឹងបោកបក់ទៅលើប្រទេសវៀតណាមចាប់ពីថ្ងៃទី២៦-២៨ ខែតុលា និងពាំនាំទៅជាមួយនូវភ្លៀងលាយខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់យ៉ាងល្ហល្ហាច។
សព្វថ្ងៃនេះ នៅពេលមានខ្យល់ព្យុះត្រូវតែមានភ្លៀងធ្លាក់ខ្លាំង ការបាក់ដី និងគ្រោះទឹកជំនន់អមមកជាមួយផង។ មូលហេតុដោយសារពិភពលោកទទួលរងឥទ្ធិពលអាក្រក់ពីការប្រែប្រួលអាកាសធាតុ និងការហក់ឡើងកាន់តែខ្ពស់ទៅៗនៃទឹកសមុទ្រ (ឬនីវ៉ូទឹកសមុទ្រ)។ ម៉្លោះហើយធ្វើឱ្យតំបន់ជាច្រើនដែលធ្លាប់តែនៅពីលើទឹកសមុទ្របែរជានៅក្រោមទឹកសមុទ្រវិញម្ដង។ យូរៗទៅប្រទេសនានាអាចនឹងមានជោគវាសនាដូចហូឡង់ទេដែលត្រូវលើកទំនប់ព័ទ្ធជុំវិញប្រទេសដើម្បីទប់ទឹកសមុទ្រ។
សម្រាប់ករណីខ្យល់ព្យុះត្រាមីដែលវាយប្រហារប្រទេសវៀតណាមលើកនេះ អាជ្ញាធរយល់ថាសភាពការណ៍មានភាពច្របូកច្របល់ និងស្មុគស្មាញពិបាកប៉ាន់ស្មាន។ គ្រាន់តែគេដឹងថាទីតាំងដែលរងគ្រោះខ្លាំងជាងគេគឺព្រលានយន្តហោះ។ នេះជាអ្វីដែលអាកាសចរស៊ីវិលវៀតណាមបានប្រកាសឱ្យដឹង។ ក្នុងនោះ អាកាសយានដ្ឋានហ្វ៊ូបាយ (Phu Bai) ត្រូវតែបិទដំណើរការទាំងស្រុងចាប់ពីព្រឹកថ្ងៃអាទិត្យនេះ (២៧ តុលា) រហូតដល់ល្ងាចថ្ងៃដដែល ឬរហូតដល់ថ្ងៃចន្ទទើបអាចបើកទ្វារឡើងវិញ ៕