បាតុកម្មនៅកូរ៉េខាងត្បូង របស់ក្រុមជ្រុលនិយម “បរាជ័យ” “គ្មានអ្នកចូលរួម”
ភ្នំពេញ៖ បាតុកម្មនៅកូរ៉េខាងត្បូង ដែលរៀបចំដោយក្រុមប្រឆាំងជ្រុលនិយម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ បាន បរាជ័យព្រោះគ្មានអ្នកចូលរួមដូចការរំពឹងទុក ដែលអ្នកចូលរួមមានមិនដល់ ៤០ នាក់ផង ហើយចុងក្រោយបាតុកម្ម ក៏បានកៀរគថវិកាពីអ្នកចូលរួមដូចសព្វដង ។
បាតុកម្មបរាជ័យរបស់ក្រុមជ្រុលនិយម បំផ្លាញជាតិដែលដឹកនាំដោយលោក ស្រីមួរ សុខហួរ ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង បានក្លាយជាបាតុកម្មដែលខកចិត្ត ដោយគ្មានពលករខ្មែរគាំទ្រ ។
អ្នកវិភាគនៅកម្ពុជា លោក ថុង ម៉េងដាវីត បានលើកឡើងពីចំណុច ដែលធ្វើឱ្យបាតុកម្មរបស់ក្រុមបំផ្លាញជាតិទទួលបរាជ័យ ដោយសារតែជាប្រយោជន៍ផ្ទាល់ខ្លួន ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិ ដែលធ្វើឱ្យពលករមិនចូលរួម ។
លោកសង្កត់ធ្ងន់ថា៖ «គណបក្សប្រឆាំងនិងក្រុមជ្រុលនិយមទាំងអស់ នោះធ្វើនយោបាយធ្វើការអំពាវនាវប្រកូកប្រកាសធ្វើបាតុកម្ម ដើម្បីជីវភាពនយោបាយរបស់គាត់តែប៉ុណ្ណោះ ដោយមិនបានគិតពីជីវភាព និងសេចក្តីសុខរបស់ប្រជាជនខ្មែរនោះទេ ។ ការធ្វើនយោបាយ និងការរៃអង្គាសប្រាក់ទាំងអស់នេះ ជាសកម្មភាពជាក់ស្តែង ជាអ្វីដែលឆ្លុះបញ្ចាំងពីភាពអសម្មភាព ក្នុងការដឹកនាំនយោបាយ ការមិនមានគោលនយោបាយច្បាស់លាស់ និងការបម្រើតែប្រយោជន៍ដល់បក្សពួករបស់ខ្លួន និងបរទេសតែប៉ុណ្ណោះ» ។
ជាមួយគ្នានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយកម្ពុជា បានមើលឃើញថាក្រុមប្រឆាំងកាន់តែអប្រជាប្រិយភាពកាន់តែខ្លាំងព្រោះនយោបាយបំផ្លិចបំផ្លាញជាតិ និងបង្អាប់បង្អោនជាតិខ្លួនឯងដែលធ្វើឱ្យពលរដ្ឋអស់ជំនឿ ។
លោកគូសបញ្ជាក់៖ «ការប្រមូលលុយ ដាក់ធុង គឺបង្ហាញឱ្យឃើញថាការធ្វើបាតុកម្មនេះ ចេតនាគឺជាការប្រមូលលុយ កៀគរគ្នាដើម្បីប្រមូលលុយយកទៅចិញ្ចឹមចលនា ការងារនេះបន្តទៀតប៉ុណ្ណោះ… អ្នកដែលធ្លាប់ជឿជាក់ អ្នកដែលធ្លាប់បង់លុយតាមគោលការណ៍បក្សគឺលែងមាន មានន័យថាស្រមោលនៃខ្មោច គណបក្សសម រង្ស៊ី គឺបាត់បង់បន្តិចម្តងៗ នៅពេលអ្នកទាំងអស់នោះបាត់ជំនឿចិត្ត ដែលធ្វើឱ្យការបង់លុយលែងមាន» ។
យ៉ាងណាក៏ដោយ ក្រុមប្រឆាំងជ្រុលនិយម ត្រូវបានគេមើលឃើញ ពីការបាត់បង់ប្រជាប្រិយភាព ព្រោះតែការធ្វើនយោបាយដែលមិនឆ្លុះបញ្ចាំង ពីប្រយោជន៍ជាតិដែលធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមពលករអស់ជំនឿដោយសារតែ ការប្រមូលថវិកា ដើម្បីឧបត្ថមការធ្វើបាតុកម្ម និងគ្នីគ្នា និងការលែងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ចំពោះក្រុមប្រឆាំងដែលលាបពណ៌ និងបំផ្លើសការពិតមកលើរាជរដ្ឋាភិបាលកម្ពុជា ៕