ព្យុះ ត្រាមី បង្កទុក្ខវេទនាខ្លាំងនៅហ្វីលីពីន បណ្តាលឲ្យមនុស្សស្លាប់និងបាត់ខ្លួន កើនដល់ ១៣៦នាក់
ព្យុះកំណាចមួយដែលវាយប្រហារតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ព្យុះ ត្រាមី បានបង្កជាទឹកជំនន់និងគ្រោះបំណាក់ដី នៅប្រទេសហ្វីលីពីន ដោយគិតត្រឹមថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់និងបាត់ខ្លួន បានកើនឡើងដល់ ១៣៦នាក់ហើយ។
តាមការចុះផ្សាយរបស់ Aljazeera, ព្យុះនេះបានវាយប្រហារភាគពាយព្យប្រទេសហ្វីលីពីនជាមួយកម្លាំងខ្យល់ល្បឿនជិត១០០គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីថ្ងៃសុក្រទី២៥ខែតុលា ដោយសម្លាប់មនុស្សចំនួន១០០នាក់ និងបាត់ខ្លួន៣៦នាក់។
ក្រៅពីសម្លាប់មនុស្ស ព្យុះត្រាមី បានបង្កទុកវេទនាដល់ប្រជាជនហ្វីលីពីន ជាក់ស្តែងមនុស្សជាងកន្លះលាននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង, គ្មានអគ្គិសនីប្រើប្រាស់ ខណៈជើងហោះហើរមួយចំនួនក៏ត្រូវផ្អាកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះសន្និដ្ឋានថា តួលេខមនុស្សស្លាប់អាចបន្តកើនឡើងទៀត ព្រោះនៅមានមនុស្សមួយចំនួនត្រូវជាប់ក្រោមដីបាក់សង្កត់។
មិនត្រឹមប៉ុណ្ណឹង រឿងដែលគេព្រួយបារម្ភខ្លាំងគឺថា ព្យុះត្រាមី នឹងអាចវិលត្រឡប់ទៅវាយប្រហារប្រទេសហ្វីលីពីនម្ដងទៀតនៅសប្ដាហ៍នេះ ក្រោយចាកចេញពីវៀតណាម ៕