យុវជន U17 កម្ពុជា បញ្ចប់ត្រឹមលេខ៤ ក្នុងពូល នៃវគ្គជម្រុះ AFC U17 Asian Cup 2025

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា មិនមានសូម្បីឱកាសអ៊ុតលេខ២ ល្អជាងគេ ក្រោយបន្ដចាញ់ក្រុមជម្រើសជាតិ U17 ហ្វីលីពីន ២-០ ក្នុងជំនួបបញ្ចប់ពូល B នៃវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋានព្រីនស៍។ មិនដូចការរំពឹងទុករបស់អ្នកគាំទ្រ ការប្រកួតចុងក្រោយនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើមិនបានល្អប្រសើរឡើយ បើធៀបនឹងកាលជួបក្រុមខ្លាំង U17 អាហ្វហ្គានីស្ថាន ទោះបីរងបរាជ័យដូចគ្នាក៏ដោយ។ ៤ប្រកួតរបស់ម្ចាស់ផ្ទះកម្ពុជា គឺបានឈ្នះបង់ក្លាដេស ១-០, ឈ្នះម៉ាកាវ ១-០ ហើយចាញ់អាហ្វហ្គានីស្ថាន ១-៣ និងចាញ់ហ្វីលីពីន ០-២។
ការរបូត ៣ពិន្ទុខាងលើ បានធ្វើឲ្យ U17 កម្ពុជា ធ្លាក់ទៅឈរលេខ៤ ក្នុងពូល ដែលមានបេក្ខភាព ៥ក្រុម ដោយរកបាន ៦ពិន្ទុ ស្មើបង់ក្លាដេស (ឈរលេខ២) និងស្មើហ្វីលីពីន (ឈរលេខ៣) គ្រាដែលក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន បានឡើងទៅជុំផ្ដាច់ព្រ័ត្រ ក្រោយរកបាន ១២ពិន្ទុពេញ ឈរកំពូលតារាងពូល B នៃការប្រកួតជម្រុះជើងឯក U17 ទ្វីបអាស៊ី ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ចំពោះបេក្ខភាពដែលបានឡើងជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ រួមមានក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត និងក្រុមលេខ១ ប្រចាំពូលទាំង១០ គឺមាន កូរ៉េខាងជើង អាហ្វហ្គានីស្ថាន កូរ៉េខាងត្បូង ថៃ អ៊ូសបេគីស្ថាន ជប៉ុន អូស្ត្រាលី អេមីរ៉ាត់អារ៉ាប់រួម យេម៉ែន និងតាហ្ស៊ីគីស្ថាន ព្រមទាំងក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម រួមមាន ចិន វៀតណាម ឥណ្ឌូណេស៊ី អូម៉ង់ និងអ៊ីរ៉ង់។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៣-២០ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង