AFC Challenge League៖ គ្រូព្រះខ័នរាជស្វាយរៀង ផ្ដោតយុទ្ធសាស្ដ្រ ៣ ដើម្បីតតាំងជាមួយក្រុមម៉ុងហ្គោលី SP Falcons នារសៀលនេះ
(ភ្នំពេញ)៖ ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ SP Falcons របស់ម៉ុងហ្គោលី នៅកីឡដ្ឋាន MFF Stadium Ulaanbaatar នាវេលាម៉ោង ២រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ក្នុងជំនួបវគ្គចែកពូលនៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 ពូល E។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនរួចរាល់ ដើម្បីការប្រកួតដ៏សំខាន់នេះ ដោយលោកបានផ្ដោតយុទ្ធសាស្ដ្រសំខាន់ ៣ សម្រាប់កូនក្រុមអនុវត្ត ទី១-ការព្យាយាមសម្របខ្លួនឲ្យបានលឿនបំផុត ទៅនឹងលក្ខខណ្ឌអាកាសធាតុ និងទីលានស្មៅសិប្បនិម្មិត ទី២-ការខំប្រឹងឲ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងទី៣-ការសហការលេងជាក្រុម។
គ្រូបង្វឹកជនជាតិអេស្ប៉ាញដដែលបន្ដថា «SP Falcons គឺជាក្រុមមួយដែលខ្លាំង។ ពួកគេលេងដោយកម្លាំងចិត្ត និងការលេងបែបគ្រប់គ្រងបាល់ ហើយពួកគេលេងរបៀបវាយបករហ័ស បានល្អ ហើយជាទូទៅពួកគេក៏លេងបាល់វែងផងដែរ។ ពួកយើងត្រូវបានចូលរួមការប្រកួតក្នុងកម្រិតនៃការលេងរបស់ពួកគេ ដើម្បីកុំឲ្យពួកគេលេងបាល់វែងបានងាយស្រួល ហើយពួកយើងលេងដើម្បីទទួលបានការគ្រប់គ្រងបាល់មកយើងវិញ»។
លោក Pep Munoz បន្ថែមទៀតថា «ស្មៅសិប្បនិម្មិត និងលក្ខខណ្ឌអាកាសធាតុអាចប៉ះពាល់ដល់ការប្រកួត និងជួយពួកគេបានច្រើន ដោយសារពួកគេជាម្ចាស់ផ្ទះ។ ប៉ុន្ដែវាមិនមែនជាលេសដោះសារអ្វីនោះទេ។ យើងត្រូវសម្របខ្លួនឲ្យបានលឿនតាមដែលយើងអាចធ្វើបាន ហើយធ្វើឲ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងលេងសហការជាក្រុម។ គោលដៅរបស់យើង គឺដើម្បីឈានទៅវគ្គបន្ទាប់ នៃការប្រកួតប្រជែង។ វាជាអ្វីដែលយើងចង់បាន ហើយវាជាហេតុផលដែលយើងមកទីនេះ»។
គួរដឹងថា នេះគឺជាការប្រកួតដំបូងរបស់ស្វាយរៀង ក្នុងវគ្គចែកពូលពានរង្វាន់ AFC Challenge League 2024/25 ខណៈប្រកួតទី២ របស់ក្រុមម្ចាស់ផ្ទះ SP Falcons បន្ទាប់ពីបើកឆាកកាលពីចុងសប្ដាហ៍កន្លងទៅ ពួកគេបានប្រកួតស្មើក្រុមឥណ្ឌូនេស៊ី Madura United ០-០។ បន្ទាប់ពីជួប SP Falcons នៅថ្ងៃទី០២ ខែវិច្ឆិកាខាងមុខ ក្រុមជើងឯកលីគកំពូលកម្ពុជា នឹងត្រូវជួបក្រុមរួមតំបន់ Madura United វិញម្ដង ដើម្បីកាត់សេចក្ដីរកក្រុមលេខ១ និងលេខ២ ក្នុងពូលឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ីនេះ៕