គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតាក់ស៊ី១គ្រឿង ដែលព្យាយាមបើកវ៉ារថយន្តសាមុយ(ឡានពេទ្យ) ហើយបានជ្រុលទៅបុកជាមួយរថយន្តធុនធំ ដឹកស៊ីម៉ង់តិ៍ ១គ្រឿងទៀត ដែលបើក

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ផ្លូវឡើងស្ពានអ្នកលឿង ដែលស្ថិតក្នុងឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។ នៅក្នុងមួយពាន់គ្រោះថ្នាក់មែន រថយន្តតាក់ស៊ី ប្រភេទហាយឡែនឌ័រ ១គ្រឿង ដែលព្យាយាមបើកវ៉ារថយន្តសាមុយ(ឡានពេទ្យ) ហើយបានជ្រុលទៅបុកជាមួយរថយន្តធុនធំ ដឹកស៊ីម៉ង់តិ៍ ១គ្រឿងទៀត ដែលបើកមកបញ្ច្រាសគ្នា បណ្តាលអោយរថយន្តហាយឡែនឌ័រ វិលជាច្រើនជុំ ខ្ទាតទៅខាង បុកហ្នឹងរបាំងដែកអមផ្លូវយ៉ាងខ្លាំងទៀត ប៉ុន្តែសំណាងល្អ បែរជាអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀត ពុំមានរងរបួស ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្កនៅក្នុងហេតុការណ៍នេះ ជារថយន្តតាក់ស៊ី ម៉ាកហាយឡែនឌ័រ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BC-2702 បើកបរដោយបុរសម្នាក់ឈ្មោះ ជន់ កុសល អាយុ៣៨ឆ្នាំ ចំណែកអ្នករួមដំណើរម្នាក់ទៀត ជានារីវ័យជាង២០ឆ្នាំ ជាជនជាតិវៀតណាម មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ។
មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រ បើកមកពីទិសខាងកើតឆ្ពោះទៅលិច ខាងក្រោយឡានពេទ្យ គោលដៅទៅភ្នំពេញ ពេលមកដល់កន្លែងកើតហេតុ រថយន្តហាយឡែនឌ័រ បានបើកវ៉ាឡានពេទ្យ ហើយក៏ជ្រុលទៅបុករថយន្តវ៉េអង ដឹកស៊ីម៉ង់តិ៍ ដែលបើកមកបញ្ច្រាស់ទិសគ្នា ពេញទំហឹង ធ្វើអោយរថយន្តវ៉េអងដាច់រទីលជាប់គាំងកណ្តាល ចំណែករថយន្តហាយឡែនឌ័រ ខ្ទាតពីរទៅបីត្រឡប់ ទៅបុកហ្នឹងរបាំងដែកអមសងខាងផ្លូវ ហើយខ្ទាតមកកណ្តាលផ្លូវវិញទៀត ទើបជាប់គាំងនឹងថ្កល់ ។
ក្រោយកើតហេតុភ្លាមៗ អ្នកនៅក្បែរកន្លែងកើតហេតុ បានជួយគាស់ទ្វាររថយន្តហាយឡែនឌ័រ យកមនុស្សទាំង២នាក់ នៅក្នុងរថយន្តចេញមកក្រៅ ដោយសុវត្ថិភាព ហើយអ្នកទាំង២ គ្មានរបួសអ្វីទេ ។
ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ផងដែរ ប៉ុន្តែដោយសាររថយន្តវ៉េអង ជាប់គាំងកណ្តាលផ្លូវ អូសចេញមិនរួច ទើបធ្វើអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយផ្នែកខាងលិច ស្ទះពីកន្លែងកើតហេតុរហូតជិតដល់សាលាឃុំកំពង់ភ្នំ ចំងាយជាង៦គីឡូម៉ែត្រ ហើយផ្នែកខាងកើត ស្ទះពីកន្លែងកើតហេតុ រហូតដល់ខាងកើតស្ពានស្ទឹងស្លូត ចំងាយជាង៤គីឡូម៉ែត្រ និងផ្លូវចូលទីប្រជុំជនអ្នកលឿង ស្ទះដល់ផ្សារអ្នកលឿងតែម្តង ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារមានការខំប្រឹងពីសមត្ថកិច្ចមូលដ្នាន ការធ្វើចរាចរណ៍នៅលើផ្លូវនេះ ក៏អាចរំកិលទៅមុខបានម្តងបន្តិចៗ គឺមិនជាប់គាំងនោះទេ គ្រាន់តែចំណាយពេលអស់ច្រើនម៉ោងបន្តិច ៕

អត្ថបទដែលជាប់ទាក់ទង