រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំថ្នាក់ដឹកនាំ និងមន្រ្តីអន្តោប្រវេសន៍ទាំងអស់រិះរកវិធីសាស្រ្តរឹតបន្តឹងការគ្រប់គ្រងជនបរទេស
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីអន្តោប្រវេសន៍ទាំងអស់យកចិត្តទុកដាក់ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីដឹងថា តើការងារជាងមួយឆ្នាំកន្លងមកនេះ មានចំណុចខ្វះខាតអ្វីខ្លះ និងមានតម្រូវការអ្វីខ្លះ ព្រមទាំងរួមគ្នារិះរកវិធីសាស្រ្តរឹតបន្តឹងការគ្រប់គ្រងជនបរទេស បន្ថែមលើយន្តការដែលមានស្រាប់ ដោយផ្ដោតលើរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ ការណែនាំនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេសចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានា ដូចជា ៖ សណ្ឋាគារ និងផ្ទះសំណាក់ជាដើម ព្រមទាំងបានណែនាំឱ្យពង្រឹងការគោរពវិន័យ គោរពការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ៕