«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» បញ្ចប់ការទទួលប្រាក់នៅថ្ងៃនេះហើយ, រយៈពេល៦៦ថ្ងៃ ទទួលបានប្រាក់ពីសប្បុរសជនជិត ២៧លានដុល្លារ

(ភ្នំពេញ)៖ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» បញ្ចប់ការទទួលប្រាក់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ រយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិក។
កាលពីថ្ងៃទី២២ សីហា ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» តបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបានឱកាសចូលរួមក្នុងបុព្វហេតុជាតិ ជាពិសេសការកសាងផ្លូវតាមក្រវាត់ព្រំដែន។
ក្រោយការបង្កើតមូលនិធិនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី បានស្ម័គ្រចិត្តបរិច្ចាគថវិកាតាមលទ្ធភាពរបស់ពួកគេចូលរួមក្នុងមូលនិធិនេះ។
ចលនានៃការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ របាយការណ៍បានឱ្យដឹងថា រយៈពេល៦៦ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា មានប្រជាពលរដ្ឋខ្មែរចូលរួមសរុប ៧២០,១០៥អង្គ/នាក់ ដោយបានចូលរួមបរិច្ចាគ និងទទួលបានថវិកាសរុបចំនួន ៣២,៩៥២,៤៤២,០៤៤រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨,៧២៩,៩៩៨ ដុល្លារអាមេរិក (គិតសរុបជាទឹកប្រាក់ដុល្លារអាមេរិកស្មើប្រមាណ ២៦,៩៦៧,៦០៩ដុល្លារអាមេរិក)។
សម្តេចមហាបវរធិបតី បង្ហាញមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ។
សម្តេចមហាបវរធិបតី សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។ សម្តេចមហាបវធិបតី ចាត់ទុកការចូលរួមនេះ គឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិកាស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិ ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។
ទន្ទឹមនឹងការបិទបញ្ចប់ការទទួលប្រាក់សម្រាប់មូលនិធិនេះ សម្តេចមហាបវរធិបតី ក៏បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែនផងដែរ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ។
គណៈកម្មការចំពោះកិច្ចនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង