សម្តេចតេជោ ហ៊ុន សែន អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ, ម៉ោង១១យប់មិញ ណន សុខហេង បានទៅដល់ផ្ទះជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញហើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករឈ្មោះ ណន សុខហេង និងថៅកែស្រី ករណីសត្វឆ្កែ ខណៈនៅម៉ោង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមការរៀបចំរៀបរបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូន ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញហើយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ម៉ោង១១យប់ ថ្ងៃ៣១ តុលា ២០២៤ ចៅ ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន និងក្រុមគ្រួសារវិញ ក្រោមការរៀបចំរបស់លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមអរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងនេះ ពិសេសអរគុណចំពោះបងប្អូនដែលលេងបណ្តាញសង្គម ជួយផ្តល់ដំណឹងដល់ខ្ញុំដែលធ្វើឲ្យរឿងនេះ ដោះស្រាយបានតិចជាង២០ម៉ោង។ ជូនពរចៅ ណន សុខហេង និងក្រុមគ្រួសារជួបតែសេចក្តីសុខ សេចក្តីចម្រើន»។
សូមជម្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ នឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួប ដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យភាគីជម្លោះ និងបានណែនាំទៅគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះ នៅក្រៅប្រព័ន្ធតុលាការ និងកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។
បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្ម ឡដុត នំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។
លើសពីនេះសម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និងស្មោះត្រង់ជាមួយប្រពន្ធ៕

អត្ថបទដែលជាប់ទាក់ទង