លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំសមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល ៤ថ្ងៃ
ខេត្តមណ្ឌលគិរី៖ សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននិងកំពុងយកចិត្តទុកដាក់នៅ ក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងបណ្ដុះនូវភាពជាអ្នកដឹកនាដល់ពួកគេ។ក្រោមការដឹកនាំរបស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយប្ញទ្ធិនារីកម្ពុជា បានរៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល ៤ថ្ងៃនៅខេត្តមណ្ឌលគិរី។
ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ៖ «យុវតីយើង អនាគតអ្នកដឹកនាំយើង» ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ ថ្ងៃទី០៣ ខែវិច្ឆិកា នៅក្នុងខេត្តមណ្ឌលគិរី។ ការបោះជំរំដ៏ធំប្រចាំឆ្នាំនេះ មានការជួបជុំសមាជិការបស់សមាគមកាយប្ញទ្ធិនារីទាំង ៦សាខា រួមមាន៖ សាខាក្រុង ភ្នំពេញ,ខេត្តកណ្ដាល,ខេត្តបាត់ដំបង,ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។
ថ្ងៃទីមួយនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគម កាយប្ញទ្ធិនារីកម្ពុជា គណៈកម្មការសមាគមបានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ទាំងសមាជិកាគាំទ្រ និងសមាជិកាសកម្ម ព្រមទាំងមានការចូលរួមជួយពីកម្លាំងស្ម័គ្រចិត្តនៃកាយប្ញទ្ធិជាតិប្រចាំខេត្តមណ្ឌលគិរី បានរៀបចំទីតាំងបោះជំរំ ព្រមទាំងតម្លើងតង់ស្នាក់នៅសម្រាប់ប្អូនៗ កុមារី និងយុវតី ដែលជាសមាជិកាសកម្មរបស់សមាគមដែលបានចូលរួមបោះជំរំនាពេលនេះ។
ការបោះជំរំប្រចាំឆ្នាំនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនក្នុងការតម្រង់ទិស កុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំនៅក្នុងសង្គម ព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់នូវចំណេះដឹង និងការអប់រំសម្រាប់ប្អុនៗផងដែរ។ សកម្មភាពសំខាន់ៗ នៅថ្ងៃទីមួយក្នុងទីលានជំរំ ប្អូនៗ កុមារី និងយុវតី ទទួលបានការតម្រង់ទិសពីគ្រូបង្គោល នូវវិន័យ និងបទបញ្ជាដែលអនុវត្តក្នុងជំរំ ការអប់រំចិត្ត ព្រមទាំងបង្ហាត់បង្រៀនប្អូនៗ ទាក់ទងនឹងការតម្លើងតង់ស្នាក់ក្នុងជំរំ។
ដោយឡែកពិធីបើកជំរំប្រចាំឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែវិច្ឆិកា ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា។ គួរជម្រាបថា នាល្ងាចថ្ងៃទី ៣១ ខែតុលា នេះ លោកជំទាវអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក៏បានអញ្ជើញចុះ ពិនិត្យមើលទីតាំងជំរំ ព្រម ទាំងបានសំណេះសំណាលជាមួយប្អូនៗសមាជិកាទាំង ៦សាខា ដែលចូលរួមបោះជំរំនាពេលនេះ៕