ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាឱកាសនៃ «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, វិស័យឯកជនកម្ពុជា ឥណ្ឌា ដែលរួមមានសមាគមទេសចរណ៍នៅក្នុងទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា, វិនិយោគិនកម្ពុជា ឥណ្ឌា, សហគមន៍ឥណ្ឌានៅកម្ពុជា និងមគ្គុទេសក៍ទេសចរកម្ពុជា ឥណ្ឌា ដើម្បីជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីប្រទេសឥណ្ឌា។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា គោលដៅទេសចរណ៍ដ៏សម្បូរបែប និងព្រឹត្តិការណ៍ជាច្រើនរបស់កម្ពុជា ទាំងតាមបណ្តាញសង្គមរបស់ស្ថានទូត និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌា ៕