កីឡាជាតិលើកទី៤៖ កីឡាចំបាប់ បិទបញ្ចប់ការប្រកួតមុនគេ ដោយក្រសួងមហាផ្ទៃ ឈរលេខ១

(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ បានបញ្ចប់ការប្រកួតដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំការប្រកួតនៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។
សម្រាប់ការប្រកួតកីឡាចំបាប់ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ១៣០នាក់ មកពី ៦រាជធានី-ខេត្ត និងក្រសួងចូលរួមប្រកួតលើ ១៦វិញ្ញាសា ។ ជាលទ្ធផលក្រុមកីឡាចំបាប់ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង (មាស ៩ ប្រាក់ ៣ និងសំរឹទ្ធ ១) ។
បន្ទាប់ពីក្រសួងមហាផ្ទៃ ដែលឈរលេខ១ ក្នុងតារាងមេដាយ គឺមានខេត្តកំពង់ឆ្នាំង ឈរលេខ២ ឈ្នះមេដាយសរុប ៩គ្រឿង (មាស២ ប្រាក់៣ និងសំរឹទ្ធ២), ខេត្តកណ្តាល ឈរលេខ៣ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ១០), ខេត្តព្រៃវែង ឈរលេខ៤ ឈ្នះមេដាយសរុប ៩គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ៩), ខេត្តមណ្ឌលគិរី ឈរលេខ៥ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៧) និងខេត្តពោធិ៍សាត់ ឈរ៦ ឈ្នះមេដាយសរុប ៧គ្រឿង (ប្រាក់១ និងសំរឹទ្ធ ៦) ។
គួរដឹងថា កីឡាចំបាប់ គឺជាកីឡាដែលបានបញ្ចប់ការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ក្នុងចំណោម ៣៦ប្រភេទកីឡា ខណៈកីឡាផ្សេងៗ កំពុងធ្វើការប្រកួតយ៉ាងស្វិតស្វាញ នៅតាមទីតាំងទាំង ៥ រួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដែលបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង