បញ្ជូនជនស..ង្ស័យ ៨នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួ..ចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិ..ង្សា
ភ្នំពេញ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ បានធ្វើការប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១២នាក់ ស្តីពីករណីលួចម៉ូតូ ដោយប្រើហិង្សា ប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ក្រោយពីទទួលបានបណ្ដឹងកម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានថា ពួកគេគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០០និង៣០នាទី ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ១-ឈ្មោះរុន ញឹង(ដា) ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះសាទ វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ,៣-ឈ្មោះហុង លីហួរ (ហួរ ជ័រ) ភេទប្រុស អាយុ១៦ឆ្នាំ ,៤-ឈ្មោះជា គាន់(ថេត ,ណូជ័រ) ភេទប្រុស អាយុ១៧ឆ្នាំ ,៥-ឈ្មោះសោភា ដារិទ្ធ(ស្វេក)ភេទប្រុស អាយុ១៧ឆ្នាំ ,៦-ឈ្មោះគាម សល់(សីហា) ភេទប្រុស អាយុ១៩ឆ្នាំ ,៧-ឈ្មោះញ៉ែម គឹមឈាន់ ភេទប្រុស អាយុ១៥ឆ្នាំ ,៨-ឈ្មោះសំអ៊ុន សេងលីភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាងដែលប្រព្រឹត្តបទល្មើស ម៉ូតូ៥គ្រឿង ,ទូរសព្ទ ២គ្រឿង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធករណី វាយទៅលើជនរងគ្រោះ ហើយយកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិៈគេចខ្លួនពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ បានប្រគល់ជូនជនរងគ្រោះវិញហើយ ដោយឡែកបក្ខពួកដែលនៅសល់ កំពុងធ្វើការស្រាវជ្រាវបន្ត៕