បញ្ជូនជនស..ង្ស័យ៨នាក់ ទៅសាលាដំបូងខេត្ត ករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិ..ង្សា
បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ បានធ្វើការប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១២នាក់ ស្តីពីករណីលួចម៉ូតូ ដោយប្រើហិង្សា ប្រព្រឹត្តកាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ក្រោយពីទទួលបានបណ្ដឹងកម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានថា ពួកគេគេចខ្លួនទៅក្រុងប៉ោយប៉ែត។
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់
: ១-ឈ្មោះរុន ញឹង(ដា) ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះសាទ វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ,៣-ឈ្មោះហុង លីហួរ (ហួរ ជ័រ) ភេទប្រុស អាយុ១៦ឆ្នាំ ,៤-ឈ្មោះជា គាន់(ថេត ,ណូជ័រ) ភេទប្រុស អាយុ១៧ឆ្នាំ ,៥-ឈ្មោះសោភា ដារិទ្ធ(ស្វេក)ភេទប្រុស អាយុ១៧ឆ្នាំ ,៦-ឈ្មោះគាម សល់(សីហា) ភេទប្រុស អាយុ១៩ឆ្នាំ ,៧-ឈ្មោះញ៉ែម គឹមឈាន់ ភេទប្រុស អាយុ១៥ឆ្នាំ ,៨-ឈ្មោះសំអ៊ុន សេងលីភេទប្រុស អាយុ១៨ឆ្នាំ ។
ព្រមទាំងចាប់យកវត្ថុតាងដែលប្រព្រឹត្តបទល្មើស ម៉ូតូ៥គ្រឿង ,ទូរសព្ទ ២គ្រឿង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធករណី វាយទៅលើជនរងគ្រោះ ហើយយកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិៈគេចខ្លួនពិតមែន។
បង្ក្រាបករណីនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ។
ចំណែកវត្ថុតាងម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕