ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ
នៅល្ងាចថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ពិធីជួបជុំប្រកបដោយភាពអធិកអធមនេះបានរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ» កាលពីពេលកន្លងទៅ នៅកីឡដ្ឋានកងយុទ្ធពលខេមរភូមិន្ទ(ស្តាតចាស់) ដើម្បីទទួលថវិកាជួយដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលកំពុងជួបប្រទះការខ្វះខាត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ជាពិសេសផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងដើម្បីភាពរីកចម្រើននៃកីឡាគុនខ្មែរនាពេលខាងមុខ។
សូមបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់តារាកម្ពុជាបានបង្កើតឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ ដែលមានសមាសភាពជាសិល្បករ-សិល្បការិនីចម្រុះ ដូចជាតារាចម្រៀង តារាសម្ដែង តារាកំប្លែង និងតន្ត្រីករជាដើម។ កន្លងមកនេះ ក្រុមកីឡាបាល់ទាត់តារាកម្ពុជា បានចូលរួមប្រកួតមិត្តភាព និងសហការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្រោមមូលបទ ទិសដៅ និងគោលបំណងជាក់លាក់ផ្សេងៗគ្នា៕