ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល
នៅថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត នៅតំបន់សាក់សំពៅ និងតំបន់ប្រឡាយ៩៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរួមមាន៖ ១)សំណង់ស្ថានីយបូមទឹកអន្លង់គង និងស្ថានីយបូមទឹកសាក់សំពៅ និង ២)ការកែលម្អប្រឡាយមេជើងឯកបីខ្សែប្រវែង ២៦,៥គីឡូម៉ែត្រ ដើម្បីរំដោះទឹកក្នុងបរិមាណ ១០០ម៉ែត្រគូប ក្នុង១វិនាទីពីផ្នែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ។ គិតរហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩០%។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គម្រោងនេះជួយពង្វាងទឹកតាមរយៈស្ថានីយបូមទឹកប្រមាណ ៣០ម៉ែត្រគូបក្នុង១វិនាទី ចាប់ពីសាក់សំពៅ ជើងឯក ហូរធ្លាក់ទៅព្រែកហូរ និងទន្លេបាសាក់ ព្រមទាំងជាប្រភពទឹកបម្រើឱ្យអន្តរវិស័យ ហើយខ្នងទំនប់នឹងប្រើជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ការងារដឹកជញ្ជូន និងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ក្រុមការងារសាងសង់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពស្របទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធសូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យការងារសាងសង់សម្រេចបានជោគជ័យ។
ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេសបានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយ៩៦ និងព្រែកគង់ ប្រវែងប្រមាណ ៣៤គីឡូម៉ែត្រ នៅតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីជួយរំដោះទឹក ក្នុងបរិមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី ក្នុងតំបន់ព្រែកហូរ ហូរធ្លាក់ទៅបឹងជើងលោងតំបន់ក្រាំងយ៉ូវ ទៅព្រែកអំបិល និងទៅសមុទ្រ។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបមានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕