ជនស..ង្ស័យ ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួ..ចម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីលួចម៉ូតូ ។

នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រី រស្មី ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1S-9201 នៅចំណុចបន្ទប់ជួលខាងលើ ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងដោយមានកិច្ចសហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ជនសង្ស័យ ទាំង០២នាក់ រួមមាន ៖
១.ឈ្មោះរ៉ូ តុលា ហៅក្រៅ តុ ភេទប្រុស អាយុ១៧ឆ្នាំ
២.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ។
ព្រមទាំងដកហូតវត្ថុតាង នៃបទល្មើសខាងលើ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ហើយបានធ្វើតេស្តទឹកនោមររកសារធាតុញៀន ជាលទ្ធផលឈ្មោះរ៉ូ តុលា ហៅក្រៅ តុ វិជ្ជាមាន(+) ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយដែរ ៕

អត្ថបទដែលជាប់ទាក់ទង