ការផ្តល់សេវាលិខិតឆ្លងដែន នៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាត្បូង បិទបញ្ចប់ហើយ
(ភ្នំពេញ)៖ ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានពន្យារចំនួនពីរលើក។
យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រយៈពេលប្រមាណជា១០ខែមកនេះ គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាត្បូង បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦,២៥២ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤,៩៧១នាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងកូរ៉េខាងត្បូង នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រហូតឈានសម្រេចបានការបិទបញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករនៅប្រទេសកូរ៉េបានយ៉ាងច្រើន ៕