បុរសម្នាក់ ជាជាងភ្លើងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលដែលជិះម៉ូតូដួលដោយខ្លួនឯង បោកមុខទៅថ្នល់ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៤ បុរសម្នាក់ជាជាងភ្លើងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលដែលជិះម៉ូតូដួលដោយខ្លួនឯងបោកមុខទៅថ្នល់ បង្កការភ្ញាក់ផ្អើល នៅតាមផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ សេង សុខវិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាជាងភ្លើង ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

មុនពេលកើតហេតុ គេឃើញបុរសខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកអេស៊ិក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU -7439 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ខណៈពេលដែលមេឃកំពុងធ្លាក់ភ្លៀង ធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងម៉ូតូដួលបោកមុខនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលត្រូវជាបងថ្លៃបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុជនរងគ្រោះបាន ទៅលេងនៅផ្ទះរបស់គាត់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ហើយក៏បានទិញស្រាបៀរផឹកជាមួយគ្នា រួចជនរងគ្រោះក៏បានជូនប្អូនប្រុសម្នាក់ទៀតទៅផ្ទះ ហើយជនរងគ្រោះបានជិះម៉ូតូទៅផ្ទះនៅឯផ្សារទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ តែមិនដឹងថាជនរងគ្រោះគេចជាមួយនឹងអ្វី បានជាដួលបោកមុខនិងថ្នល់ស្លាប់បែបនេះ។

សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះទៅដល់កន្លែងកើតហេតុ ក៏បានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំធ្វើការស្រាវជ្រាវ ជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង