ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ដល់ម៉ូតូ ថវិកា និងអាហារូបករណ៍ ជូនយុវតីប្រឡងបាននិទ្ទេស A ដែលមានជីវភាពក្រីក្រឪពុកឡើងត្នោត ម្ដាយដើរដកព្រលឹត

(ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី បានផ្ដល់អំណោយជូនយុវតីសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់និទ្ទេស A រស់នៅក្នុងគ្រួសារក្រីក្រលំបាក មានឪពុកជាអ្នកឡើងត្នោត និងម្ដាយជាអ្នកដើរដកព្រលឹត។
អំណោយរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយរងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង នាំយកទៅប្រគល់ជូនយុវតី វុទ្ធ ម៉ាលី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
អំណោយទាំងនោះរួមមាន ម៉ូតូ១គ្រឿង គ្រឿងឧបភោគបរិភោគ ថវិកា១លានរៀល និងបានផ្តល់អាហារូបករណ៍បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបំពេញក្តីស្រមៃក្មួយស្រីផងដែរ។
សូមជម្រាបថា យុវតី វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ពារាំង ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ស្ថិតនៅឃុំរាប៕

អត្ថបទដែលជាប់ទាក់ទង