រថយន្ត១គ្រឿង ត្រូវបានជនមិនស្គាល់មុខបើកយកទៅចតចោលនៅតាមផ្លូវបេតុងមួយកន្លែង បន្ទាប់មកបានចាកចេញទៅបាត់ ដោយអត់បិទទ្វារចាក់សោរថយន្ត និងអត់ដកសោចេញ ហើយថែមទាំងចាក់បទចម្រៀងទៀតចោល

ភ្នំពេញ ៖ អ្នកភូមិបានប្រទះឃើញរថយន្តនោះចតចោលនៅតាមផ្លូវបេតុងខាងលើស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នាពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

រថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង ត្រូវបានជនមិនស្គាល់មុខបើកយកទៅចតចោលនៅតាមផ្លូវបេតុងមួយកន្លែង បន្ទាប់មកបានចាកចេញទៅបាត់ ដោយអត់បិទទ្វារចាក់សោរថយន្ត និងអត់ដកសោចេញ ហើយថែមទាំងចាក់បទចម្រៀងទៀតចោលទៀត ។ ពុំមាននរណាបានដឹងថាមានបញ្ហាអ្វីនោះទេ ហើយដោយសារតែរង់ចាំមើលជាច្រើនម៉ោង តាំងពីយប់រហូតដល់ព្រឹក នៅតែអត់ឃើញម្ចាស់ទៅយកវិញ និងសង្ស័យថាត្រូវគេបើកយកទៅប្លុងចោល ទើបកម្លាំងប្រជាការពារភូមិ និងអ្នកភូមិរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យនាំយកទៅរក្សាទុកតែម្ដង ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្ត១គ្រឿងនោះម៉ាកតូយ៉ូតាព្រូសពណ៍បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ 2BB-1748 ហើយម្ចាស់មិនត្រឹមតែអត់ចាក់សោទ្វារប៉ុណ្ណោះទេ ថែមទុកកូនសោនៅជាប់រថយន្ត ហើយចាក់បទចម្រៀងចោលថែមទៀតដោយមិនខ្លាចចោរលួចទៅបាត់ឡើយ ។ នៅវេលាម៉ោងខាងលើពួកគាត់បានឃើញរថយន្តនេះបើកទៅឈប់នៅត្រង់ចំណុចខាងលើ ប៉ុន្តែពួកគាត់ពុំបានចាប់អារម្មណ៍មើលក្រោយពីការឈប់ហើយនោះ អ្នកបើកបរចុះដើរចេញទៅណាបាត់នោះទេ ។

ក្រោយមកដោយសារតែឃើញចតនៅទីនោះយូរពេកអត់ឃើញបើកចេញទៅណាសោះនោះ ពួកគាត់ក៏បានដើរទៅមើលជិត ស្រាប់តែឃើញរថយន្តចំហរទ្វារ ហើយអត់ដកសោចេញ និងចាក់បទចម្រៀងចោលថែមទៀត ។ ខណៈនោះពួកគាត់ដើររកម្ចាស់ប៉ុន្តែអត់ឃើញឡើយ ហើយដោយខ្លាចចោរលួចបាត់ពួកគាត់ក៏បានរង់ចាំឃ្លាំមើលរហូតដល់ភ្លឺ នៅតែអត់ឃើញម្ចាស់ទៅយកទៀត ។ ទើបផ្ដល់ព័ត៌មានដល់ប្រជាការពារភូមិ ហើយរហូតដល់វាលាម៉ោងប្រមាណជាង៨ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកាដដែល ក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យទៅពិនិត្យមើល ។

ក្រោយទទួលបានដំណឹងនោះហើយ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីតាំងនោះភ្លាមៗ ហើយពិតជាបានឃើញរថយន្តតូយ៉ូតាព្រូស១គ្រឿងនោះកំពុងស្ថិតនៅតាមផ្លូវមែន ។ ដោយម្ចាស់អត់ចាក់សោទ្វា អត់ដកសោចេញ និងចាក់បទចម្រៀងថែមទៀតផង ហើយពុំទាន់ដឹងថាមានបញ្ហាអ្វីនៅឡើយទេ ទើបបានជាបើកយកទៅប្លុងចោលបែបនេះ ។ បន្ទាប់មកនគរបាលក៏បានបើកយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ និងមូលហេតុនៃការទុករថយន្តចោលដោយមិនខ្លាចចោរលួចបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង