ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹកតាសាល ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

នៅថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពជាក់ស្តែងប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹកតាសាលសម្រាប់ប្រើប្រាស់នារដូវប្រាំង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ទំនប់អាងទឹកតាសាលបានសាងសង់ឡើងកាលពីឆ្នាំ២០១១ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០លានម៉ែត្រគូប មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ និងមានសំណង់សំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៧២០ម៉ែត្រមានកម្ពស់ ២១ម៉ែត្រនិងខ្នងលើ ៦ម៉ែត្រ និងទំនប់បង្ហៀរប្រវែង ៩២,៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួនទៀត។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ បានសហការគ្នាបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារប្រតិបត្តិការទំនប់កន្លងមក ដោយរក្សាបាននូវការគ្រប់គ្រងកម្ពស់ទឹកនៅក្នុងអាង និងស្ទឹងព្រែកត្នោតផ្នែកខាងលើ និងផ្នែកខាងក្រោមបានសមស្រប ការគ្រប់គ្រងប្រតិបត្តិការបិទបើកទ្វារទឹក ពង្រឹងបាននូវការគ្រប់គ្រងទឹកជំនន់ និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅផ្នែកខាងក្រោមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ទំនប់អាងទឹកតាសាលនាពេលបច្ចុប្បន្នត្រូវបានរក្សាទឹកទុកក្នុងអាងពេញបាន១០០%តាមការកំណត់ ហើយបរិមាណទឹកនេះគឺរក្សាទុកសម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ១ម៉ឺនហិកតា និងផ្តល់ប្រភពទឹកប្រើប្រាស់នារដូវប្រាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ និងជួយរក្សាតុល្យភាពបរិស្ថានប្រព័ន្ធអេកូឡូស៊ី ព្រមទាំងជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀតក្នុងការគ្រប់គ្រង និងរក្សាទឹកទុកក្នុងអាង ហើយរៀបចំផែនការក្នុងការប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង