សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហៃ វណ្ណា និងប្អូនប្រុស ចូលជួបសម្តែងការគួរសម និងគោរពអរគុណចំពោះក្តីសណ្តោសរបស់សម្តេច

(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ លោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសជប៉ុន បានមកលេងប្រទេសកម្ពុជា ក្រោយបែកជាង១០ឆ្នាំ។

ជាមួយការមកលេងប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ហៃ វណ្ណា រួមជាមួយប្អូនប្រុសរបស់លោក គឺលោក ហៃ វណ្ណនិត បានចូលជួបសម្តែងការគួរសមនៅឯផ្ទះរបស់សម្តេចនាក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។
ក្រោយពេលលោក ហៃ វណ្ណា ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រុមអ្នកនយោបាយប្រឆាំង ឬអ្នកវិភាគមាននិន្នាការប្រឆាំង គេបានពោលថា ការប្រកាសចូលរួមជីវភាពនយោបាយរបស់ ហៃ វណ្ណា គ្រាន់តែជាការដោះដូរនឹងសេរីភាពរបស់ប្អូនប្រុស ហើយក៏មិនមែនជាឆន្ទៈពិតរបស់លោក ហៃ វណ្ណា នោះឡើយ។
ផ្ទុយពីអ្វីដែលក្រុមប្រឆាំងបានលើកឡើង តាមរយៈរូបភាពនៃជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន គេបានឃើញកាយវិការ និងសកម្មភាពប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។ តាមរយៈរូបភាពទាំងនេះ បង្ហាញជាក់ច្បាស់នូវការគោរពស្រឡាញ់របស់ ហៃ វណ្ណា ចំពោះសម្តេចតេជោ ហើយក៏បានបង្ហាញពីមនោសញ្ចេតការសណ្តោសប្រណីដ៏ធំធេងរបស់សម្តេចតេជោ ដែលជាមេដឹកនាំ និងជាអ្នកនយោបាយពោរពេញដោយការអនុគ្រោះ និងការមិនចេះប្រកាន់ទោសអូសដំណើរចំពោះបុគ្គលធ្លាប់ធ្វើសកម្មភាពប្រឆាំងនឹងសម្តេច។
តាមរយៈជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយឧបត្ថម្ភគាំទ្រដល់ប្អូនប្រុសលោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិកផងដែរ។
បន្ទាប់ពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោហើយនោះ នៅពេលរសៀលថ្ងៃដដែលនេះ លោក ហៃ វណ្ណា និងប្អូនប្រុស ក៏បានចូលរួមក្នុងពិធីសាសនានៃបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តខ្មែរក្រោម ដែលធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោក ហៃ វណ្ណា បានជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត ដោយស្នាមញញឹម បង្ហាញពីការប្រាស្រ័យទាក់ទងដោយមិនប្រកាន់ចំពោះរឿងអតីតកាលនោះឡើយ។
លោក ហៃ វណ្ណា ក៏បានអះអាងដែរថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនព្រោះតែសម្ពាធណាមួយនោះឡើយ គឺជាការផ្លាស់ប្តូរដោយពេញចិត្ត ដើម្បីបានឱកាសចូលរួមជួយដល់សង្គមជាតិ ដែលជាបំណងតាំងពីដើមរបស់លោក។
សូមបញ្ជាក់ថា លោក ហៃ វណ្ណា បានទៅដល់ប្រទេសជប៉ុន តាមរយៈអាហារូបករណ៍វិស័យឯកជន។ លោកបានបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យានៅប្រទេសជប៉ុន។ រូបលោក បានចាប់ផ្តើមភពប្រសប់ការធ្វើនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៥។ នៅខែតុលា ឆ្នាំ២០២៤ លោក ហៃ វណ្ណា បានសម្រេចចាកចេញពីអតីតគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
បច្ចុប្បន្នលោក ហៃ វណ្ណា មានភរិយាជាជនជាតិជប៉ុន ហើយបានរកស៊ីក្នុងវិស័យកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង