អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើទីតាំងផ្សារបឹងឈូក ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង

បាត់ដំបង៖ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើទីតាំងផ្សារបឹងឈូក ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈកម្លាំងចម្រុះបាននិងកំពុងធ្វើការជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនាវេលាម៉ោងប្រមាណជិត១១ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
នៅក្នុងពេលអគ្គិភ័យកំពុងតែឆាបឆេះនេះ គេសង្កេតឃើញកម្លាំងទាំង៣ប្រភេទ មានកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងកងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អាជ្ញាធរខេត្ត និងក្រុងបាត់ដំបង និងគ្រប់ផ្នែកពាក់ព័ន្ធជាច្រើនទៀត បានចុះជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងរថយន្តពន្លត់អគ្គិភ័យ មកពីបណ្តាក្រុង ស្រុក ជាច្រើនទៀត ដោយដាក់នៅអមជុំវិញតួផ្សារគ្រប់ទិស បានបាញ់ស្រោចទៅក្នុងតួផ្សារ ដើម្បីជួយពន្លត់ភ្លើង ដែលកំពុងឆេះពេញបន្ទុក ។
តាមការសង្កេតជាក់ស្តែងឃើញថា បើទោះបីជាកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ច្រើនយ៉ាងណាក៏ដោយ ក៏កម្លាំងភ្លើងនៅតែឆាបឆេះ ដោយសារទីតាំងរថយន្តចូលជួយពន្លត់មានភាពចង្អៀតលំបាកក្នុងការរថយន្ដចូលពន្លត់ តែយ៉ាងក៏ដោយកម្លាំងសមត្ថកិច្ចនៅតែបន្តយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងស្ថានការណ៍នៃអគ្គិភ័យ ដែលកំពុងឆាបឆេះបានថមថយខ្លះផងដែរ ។
តាមរយៈនៃការចុះជួយអន្តរាគមន៍នេះដែរ សង្កេតឃើញកម្លាំងចម្រុះ ក្រៅពីការជួយពន្លត់អគ្គិភ័យ នៅមានកម្លាំងជាច្រើនទៀតបានចុះជួយជញ្ជូនឥវ៉ាន់របស់ក្រុមអាជីវករ យកទៅទុកដាក់នៅតាមគោលដៅសុវត្ថិភាពផងដែរ ។
អគ្គិភ័យបានឆាបឆេះខ្លាំងនៅជាន់ទី១នៃផ្សារបឹងឈូក គឺនៅចំពីមុខជណ្តើរឡើងទៅលើ ទាំងខាងកើតផ្សារ និងខាងលិចផ្សារដែលធ្វើឱ្យមានការលំបាកខ្លាំងសម្រាប់កម្លាំងចូលបាញ់ទឹក ដើម្បីពន្លត់ ។ ដោយឡែកនៅខាងក្រៅទីតាំងផ្សារវិញ គឺមានរថយន្តពន្លត់អគ្គិភ័យនៅឈរជើងជុំវិញផ្សារ ដើម្បីបាញ់ទឹកពន្លត់យ៉ាងសកម្មបំផុត ។
តាមការឱ្យដឹងពីប្រភពព័ត៌មាននៅតំបន់ភ្លើងឆេះនោះថា នេះជាលើកទី១ហើយ ដែលផ្សារបឹងឈូក នៃក្រុងបាត់ដំបង មានកើតអគ្គិភ័យបែបនេះ ដែលធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិរបស់អាជីវករ ជាពិសេសនៅជាន់ខាងលើផ្សារសុទ្ធតែក្រណាត់ និងសម្លៀកបំពាក់ ដែលមិនមានអ្នកណាអាចចូលជួយសង្រ្គោះបាននោះទេ ។
អគ្គិភ័យ ដែលបានឆាបឆេះផ្សារបឹងឈូកនេះ មិនទាន់មានប្រភពណាបញ្ជាក់អំពីដើមហេតុនៃការឆេះនេះបណ្តាលមកពីអ្វីនោះដែរ ហើយការខូចខាតគិតជាទឹកប្រាក់ប្រហែលប៉ុន្មាន ក៏មិនទាន់ដឹងនៅឡើយដែរ ។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ នៅក្នុងឱកាសនៃការដឹកនាំកម្លាំងចុះជួយអន្តរាគមន៍នេះដែរ បានបញ្ជាក់ថា រហូតមកដល់ម៉ោង១ ជាង រំលងអធ្រាត្រ ឈានចូលដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះកម្លាំងសមត្ថកិច្ចយើង បានគ្រប់គ្រងអគ្គិភ័យ បានប្រហែល៨០% ហើយ ហើយកំពុងបន្តពន្លត់បន្ថែមទៀត ហើយនៅក្នុងនោះដែរ ក្នុងនាមអាជ្ញាធរខេត្តបាត់ដំបង លោកបានដាក់បញ្ជាឱ្យកុមកម្លាំងសមត្ថកិច្ចនៅយាមប្រចាំការនៅតំបន់ជុំវិញផ្សារ ដើម្បីធានាសុវត្ថិភាពឥវ៉ាន់ដែលជួយសង្រ្គោះបានជូនក្រុមអាជីវករ ៕

អត្ថបទដែលជាប់ទាក់ទង