មនុស្សចំនួន០៣នាក់បានស្លាប់ រីឯចំនួន០៦នាក់ទៀត មានព្រះសង្ឃចំនួន០៣អង្គផង បានរងរបួសធ្ង..ន់និងស្រាល ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តគោយន្តកន្ត្រៃ និងម៉ូតូ

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មនុស្សចំនួន០៣នាក់បានស្លាប់ រីឯចំនួន០៦នាក់ទៀត ក្នុងនោះមានព្រះសង្ឃចំនួន០៣អង្គផង បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តគោយន្តកន្ត្រៃ និងម៉ូតូ កាលពីល្ងាចថ្ងៃទី០៣ វិច្ឆិកា ឆ្នំា២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ដែលស្លាប់ ១-ឈ្មោះ រ៊ើន ចាន់រី ភេទស្រី អាយុ៣៥ឆ្នាំ ២-ឈ្មោះ សុខ លីលី ភេទស្រី អាយុ១៨ឆ្នាំ ជិះម៉ូតូ (ពីរនាក់ម្ដាយកូនស្លាប់) និង៣-ឈ្មោះ ឆាន់ រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូ (ស្លាប់) ។ ដោយឡែក អ្នករបួសធ្ងន់ និងស្រាលមានចំនួន៦នាក់ ក្នុងនោះ មានព្រះសង្ឃចំនួន០៣អង្គ ជិះរថយន្តតាក់ស៊ី ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BT-3122 អ្នកបើកបររត់គេចខ្លួន ក្រោយពេលជួបគ្រោះថ្នាក់ ។
បើតាមអ្នកឃើញហេតុការណ៍បាននិយាយថា រថយន្តតាក់ស៊ីនោះ បានធ្វើដំណើលើដងផ្លូវជាតិលេខ៥ ក្នុងគោលដៅពីទិសខាងកើតទៅខាងលិច ។ ពេលដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវឆ្លងកាត់ផង ក៏ទើបប្រទះនឹងគោយន្តកន្ត្រៃដែលកំពុងបើកឆ្លងកាត់ ក៏ជ្រុលបុកគោយន្ត រួចជ្រុលទៅបុករះអ្នកជិះម៉ូតូ០២គ្រឿងទៀតនៅខាងមុខ ធ្វើអ្នកជិះម៉ូតូទាំង០២គ្រឿងចំនូន០៣នាក់ស្លាប់ ។ រីឯរថយន្តតាក់ស៊ីក៏ក្រឡាប់ ហើយគេឃើញមានមនុស្សជិះក្នុងរថយន្តនោះ លូនចេញក្រៅមានទាំងព្រះសង្ឃចំនួន០៣ផង រីឯអ្នកបើកបររថយន្តដាក់មេប្រូចបាត់ ។

ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក លោក ចាន់សុធី បានប្រាប់ថា បើតាមការពិនិត្យលើទីតាំងកើតហេតុ កំហុសភាគច្រើនបង្កឡើងដោយភាគីគោយន្តកន្ត្រៃ ដែលបើកឆ្លងកាត់ផ្លូវជាតិ ខ្វះការប្រុងប្រយ័ត្ន មិនមើលឆ្វេងស្ដាំមុនពេលបើកឡើង ឬបើកឆ្លងកាត់ផ្លូវជាតិ ។
យ៉ាងណា ពេលនេះ មន្ត្រីការិយាល័យជំនាញ បានធ្វើការវាស់វែង និងបាននាំយកមធ្យោបាយបង្កគ្រោះថ្នាក់ទាំងអស់ទៅរក្សាទុកនៅការិយាល័យ ដើម្បីដោះស្រាយតាមនីតិវិធីហើយ៕

អត្ថបទដែលជាប់ទាក់ទង