សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ជាកិច្ចចាប់ផ្ដើម សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាគមកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មហាពុទ្ធបរិស័ទខ្មែរ ជិតឆ្ងាយទាំងអស់ ដែលជាម្ចាស់ដើមទាន ប្រធានផ្តើមបុណ្យ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរពីព្រះរាជាណាចក្រកម្ពុជា សម្តេចពិតជាមានសេចក្តីរំភើប និងសោមនស្ស រីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នេះ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តពោធិគិរីវង្សារាម នាពេលនេះ។
សម្ដេចបន្តថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» មកកាន់វត្តខ្មែរក្រោមនេះ មិនមែន ទើបតែមានថ្មីៗនេះទេ សម្តេចតេជោ និងនិងសម្ដេចបានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោងនេះ ត្រូវបានផ្អាកជាច្រើនឆ្នាំដោយសារតែមានធុរៈគ្រួសារក្នុងនោះ លោកឱពុកក្មេករបស់សម្តេចបានទទួលមរណភាពនៅឆ្នាំ២០១៣ និងអ្នកម្តាយបង្កើតបានទទួលមរណភាព នៅឆ្នាំ ២០២០ ជាហេតុធ្វើឱ្យ គម្រោងរៀបចំអង្គកឋិនទាន ដង្ហែមកវត្តខ្មែរក្រោមនេះ ត្រូវបានពន្យារពេល។ នៅឆ្នាំនេះ ជាពេលវេលាដ៏សមស្របសម្រាប់ ការធ្វើអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោមនាពេលនេះ។ អង្គកឋិនទាននេះទទួលបានការជួយជ្រោមជ្រែង គាំទ្រយ៉ាងខ្លាំងពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការដឹកនាំរៀបចំដោយផ្ទាល់របស់ សម្តេច ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរ គ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា។ ដោយសារតែមានការជួយសម្របសម្រួលពីរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំខេត្តត្រាវិញគ្រប់ជាន់ថ្នាក់ផងដែរ ទើបនៅថ្ងៃនេះ យើងទាំងអស់គ្នា អាចដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ មកកាន់វត្តពោធិគិរីវង្សារាម ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។
សម្ដេចបានមានប្រសាសន៍បន្តទៀតថា
រដ្ឋាភិបាល និងប្រជាជនខ្មែរ នៅព្រះរាជាណាចក្រកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ជាដើម។ នេះជាអង្គកឋិនទានជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តទៅ ដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទ, និយាយជារួម និងនិយាយដោយឡែក, ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព។
សម្តេចសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានបង្កភាពងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្រោមរស់នៅ និងគោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនជារៀងរហូតមក និងបន្តថែរក្សាពូនជ្រុំឱ្យរីកចម្រើន រាប់ជំនាន់ទៅមុខទៀត ដើម្បីចូលរួមចំណែក នៅក្នុងការថែរក្សាបេតិកភណ្ឌដែលមនុស្សជាតិមាន។
សម្ដេចបានមានប្រសាសន៍ទៀតថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លាន
ដុង និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុងផងដែរ។ បច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់ត្រៃ នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែររបស់យើង នាពេលនេះ នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន៖
ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ ប៊ីលាន ៨៤២ លានដុង(ម្ភៃបីប៊ីលាន ប្រាំបីរយសែសិបពីរលានដុង)។
ទី២) បច្ច័យសង្កត់ត្រៃធំ៥០ លានដុង (ហាសិនលានដុង)

ទី៣) បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥ លានដុង (ម្ភៃប្រាំលានដុង)។
ទី៤) បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥ លានដុង (ម្ភៃប្រាំលាន ដុង)។
ទី៥) ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧ អង្គ គង់នៅ វត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២ លាន ៥ សែនដុង (ដប់ពីរលានប្រាំសែនដុង)។
ទី៦) ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន ១០៤ នាក់ក្នុងម្នាក់ៗ ២លាន៥ សែនដុង (ពីរលានប្រាំសែនដុង)។
ទី៧) ប្រគេនបច្ច័យដល់វត្តចំនួន ១៤២ វត្តក្នុងខេត្តត្រាវិញ ក្នុង ១ វត្ត បច្ច័យចំនួន២៥១ លានដុង (ពីររយហាសិបមួយលានដុង)។ សរុប ថវិកា ដែលត្រូវចំណាយ ក្នុងអង្គកឋិនទាំងមូលចំនួន ៦០ ប៊ីលាន ៥៥៦លាន ៥សែនដុង (ហុកសិបប៊ីលាន ប្រាំរយហាសិបប្រាំមួយលាន ប្រាំសែនដុង)។
សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោមដែល បានបន្តថែរក្សាបាន នូវវប្បធម៌ប្រពៃណីខ្មែរ តជំនាន់មកនេះ និងបានអញ្ជើញមកចូលរួម នៅក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរយ៉ាងច្រើនកុះករ និងប្រកបដោយសេចក្តីសប្បាយរីករាយជ្រះថ្លាដោយបុណ្យកុសល។ សម្ដេចក៏ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ព្រះមហាក្សត្រខ្មែរ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យ ចូលរួមចាប់មគ្គផលក្នុងអង្គកឋិនទានដ៏ថ្លៃថ្លានេះ។ សម្តេចសូមជូនមគ្គផលកុសល ផលបុណ្យ ដែលបានកើតចេញពីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនខ្មែរនិងបងប្អូនកូនក្មួយនៅខេត្តត្រាវិញទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង