សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការចូលរួមអបអរសាទរការប្រារព្ធ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤
នៅលើបណ្ដាញសង្គមផ្លូវការនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការចូលរួមអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។ សម្ដេចធិបតី លើកឡើងថា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ជាំងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន ដែលមានប្រវត្តិដ៏យូរលង់ និងត្រូវបានរឹតបន្តឹងកាន់តែស្អិតល្មួត ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ន ហើយបានប្រែក្លាយជាមិត្តភាពដែកថែប ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងបានកសាង “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន” ទៀតផង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា តាមរយៈព្រឹតិ្តការណ៍នេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏ដូចជួយដល់វិស័យពាក់ព័ន្ធ ដូចជាការបង្កើនចំនួនជើងហោះហើរត្រង់ជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ៕