លទ្ធផលឆ្នោត អាចនឹងដឹងត្រឹមយប់ថ្ងៃអង្គារ បើគ្មានការប្រែប្រួល
ក្រុងវ៉ាស៊ីនតោន៖ នៅសល់ជាងដប់ម៉ោងទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកនឹងចាប់ផ្ដើមជាផ្លូវការហើយ។ លទ្ធផលឆ្នោតលើកនេះពិបាកប៉ាន់ស្មានថាតើបេក្ខរូបណានឹងទទួលបានជ័យជម្នះ។ មូលហេតុដោយសារនៅតាមរដ្ឋធំៗទាំង៧ដែលកំណត់ភាពចាញ់-ឈ្នះរបស់បេក្ខជនទាំងពីររូបបង្ហាញថាពួកគេទទួលបានសំឡេងប្រហាក់ប្រហែលគ្នា។
រហូតមកដល់ពេលនេះ ពលរដ្ឋអាមេរិកជាង៧៨លាននាក់បានបោះឆ្នោតមុនកាលកំណត់។ មុនដំបូង គេគិតថាលទ្ធផលឆ្នោតអាចនឹងដឹងត្រឹមយប់ថ្ងៃអង្គារ។ ប៉ុន្តែជាក់ស្ដែងប្រហែលជាមិនដូច្នោះទេ។ ចេញលទ្ធផលឆ្នោតយឺត ឬលឿនអាស្រ័យទៅលើការដណ្ដើមបានអង្គបោះឆ្នោតច្រើនកម្រិតណានៅតាមរដ្ឋនីមួយៗ។ ជាពិសេស រដ្ឋធំៗដែលកំណត់ភាពចាញ់-ឈ្នះរបស់បេក្ខជនទាំង២។ សម្រាប់ការបោះឆ្នោតលើកនេះ គេគិតថារដ្ឋផឹនស៊ីលវេនៀសំខាន់បំផុតសម្រាប់លោកស្រីហារីស។
បើបេក្ខជនទាំង២រូបទទួលបានអង្គបោះឆ្នោតប្រហាក់ប្រហែលគ្នា ហើយបើសិនលោកត្រាំមានប្រៀបជាងលោកស្រីហារីសត្រឹមតែ០,៤% គេត្រូវការពេលច្រើនថ្ងៃ ឬរាប់សប្ដាហ៍ទៅមុខទៀតដើម្បីប្រកាសលទ្ធផលនៅវគ្គផ្ដាច់ព្រ័ត្រ។ នៅពេលនោះ គេត្រូវតែរាប់សន្លឹកឆ្នោតឡើងវិញទាំងអស់ដើម្បីធានាសុក្រឹតភាព និងដោះស្រាយភាពមិនប្រក្រតីដែលអាចនឹងកើតមាន។
ជាទម្លាប់ក្នុងការបោះឆ្នោតនៅអាមេរិក បេក្ខជនដែលដឹងច្បាស់ថាខ្លួនចាញ់ឆ្នោតហើយខ្ជិលសំកុកយូរតទៅទៀត សុខចិត្តប្រកាសចុះចាញ់ និងទទួលស្គាល់លទ្ធផលឆ្នោតតែម្ដង។ នៅពេលបេក្ខជនរូបណាទទួលបានសំឡេងគាំទ្រពីអង្គបោះឆ្នោតគ្រប់២៧០ទៅតាមការកំណត់ គេនឹងប្រកាសថាបេក្ខជនរូបនោះឈ្នះឆ្នោតក្លាយជាអនាគតប្រធានាធិបតី (president-elect)។
ប៉ុន្តែចម្លែកអ្វីតែលោកត្រាំទោះបីលទ្ធផលឆ្នោតបង្ហាញថាលោកចាញ់ក៏ដោយ ក៏លោកមិនព្រមទទួលស្គាល់ជាដាច់ខាត។ តាំងពីចុងឆ្នាំ២០២០រហូតមកដល់ពេលនេះបួនឆ្នាំហើយដែលលោកមិនព្រមទទួលស្គាល់លទ្ធផលនោះទាល់តែសោះ។ លោកថែមទាំងនិយាយពីការសោកស្ដាយថាលោកគួរតែកុំចាកចេញពីសេតវិមានល្អជាង (កាលពីដើមឆ្នាំ២០២១)។
ឥឡូវនេះ អ្នកវិភាគព្យាករទុកជាមុនថាបើលោកត្រាំឈ្នះឆ្នោតមិនអីទេ លោកស្រីហារីសអាចនឹងមិនរួញរានៅក្នុងការទទួលស្គាល់លទ្ធផលឆ្នោតទេ។ ផ្ទុយទៅវិញបើលោកត្រាំចាញ់ឆ្នោត ច្បាស់ណាស់ថាលោកនឹងមិនទទួលស្គាល់លទ្ធផលឆ្នោតទេ។ លោកនឹងតវ៉ាទៅតាមផ្លូវច្បាប់។ ប៉ុន្តែអ្នកវិភាគខ្លះទៀតព្យាករថាបើលោកស្រីក៏ត្រៀមដាក់ពាក្យប្ដឹងតវ៉ាទៅតាមផ្លូវច្បាប់ដែរបើលោកស្រីចាញ់ឆ្នោត។ មូលហេតុដោយសារសំឡេងគាំទ្រចំពោះបេក្ខជនទាំង២មានភាពប្រដំប្រសងគ្នាខ្លាំងបំផុត។
កត្តាដែលស្មុគស្មាញនៅត្រង់ថាបេក្ខជនដែលអាចឡើងមកកាន់តំណែងជាប្រធានាធិបតីជាអ្នកដែលបោះឆ្នោតជ្រើសរើសដោយអង្គបោះឆ្នោតសរុប៥៣៨រូបដែលតំណាងឱ្យរដ្ឋទាំងអស់នៅទូទាំងប្រទេសអាមេរិក។ គេហៅថាសំឡេងឆ្នោតរបស់អ្នកតំណាង (electoral vote)។ រីឯសំឡេងឆ្នោតប្រជាប្រិយ (popular vote) មិនមែនជាកត្តាកំណត់ភាពចាញ់-ឈ្នះនៅក្នុងការបោះឆ្នោតទេ។ ឆ្នោតប្រជាប្រិយគ្រាន់តែបង្ហាញថាតើបេក្ខជនម្នាក់ៗទទួលបានប្រជាប្រិយភាពកម្រិតណាតែប៉ុណ្ណោះ។
នៅក្នុងន័យនេះ បើបេក្ខជនម្នាក់ទទួលបានសំឡេងឆ្នោតប្រជាប្រិយខ្ពស់ជាងបេក្ខជនម្នាក់ទៀតក៏មិនប្រាកដថាឈ្នះឆ្នោតដែរបើបេក្ខជននោះចាញ់ប្រៀបខាងការទទួលបានអង្គបោះឆ្នោតនៅតាមរដ្ឋនីមួយៗ (electoral vote)។ ជាក់ស្ដែង លោកស្រីហ៊ីឡារីកាលពីពេលបោះឆ្នោតឆ្នាំ២០១៦ទទួលបានសំឡេងឆ្នោតប្រជាប្រិយច្រើនជាងលោកត្រាំ។
ប៉ុន្តែលោកស្រីទទួលបានអង្គបោះឆ្នោត២២៧ បើប្រៀបធៀបជាមួយលោកត្រាំទទួលបាន៣០៦អង្គបោះឆ្នោត។ មានន័យថាលើសពីចំនួនកំណត់ត្រឹម២៧០អង្គបោះឆ្នោតដើម្បីក្លាយជាប្រធានាធិបតីនៅអាណត្តិថ្មី។ អ្នកកាត់សេចក្ដីនៃភាពចាញ់-ឈ្នះរបស់បេក្ខជនទាំង២រូបគឺអង្គបោះឆ្នោតនៅក្នុងរដ្ឋធំៗចំនួន៧។ រហូតមកដល់ពេលនេះលទ្ធផលស្ទង់មតិបង្ហាញថាបេក្ខជនទាំង២រូបទទួលបានសំឡេងគាំទ្រប្រកៀកប្រកើយគ្នាបំផុត មានន័យថាគ្មានបេក្ខជនរូបណាមានប្រៀបលើអ្នកណាទេ។
ចំណុចស្មុគស្មាញ១ទៀតដែលអាចនឹងពន្យារពេលប្រកាសលទ្ធផលឆ្នោតនៅត្រង់ថា «គណៈកម្មការបោះឆ្នោតសហព័ន្ធ» មិនមែនជាអ្នករៀបចំការបោះឆ្នោតទេ ប៉ុន្តែជាអ្នកដោះស្រាយផ្លូវច្បាប់ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។ នៅពេលគ្មានស្ថាប័នមើលការខុសត្រូវទៅលើដំណើរការបោះឆ្នោត ឬនីតិវិធីក្នុងការបោះឆ្នោតដូច្នេះ រដ្ឋនីមួយៗអាចបើកមណ្ឌលបោះឆ្នោតនៅពេលណា និងបិទទ្វារនៅពេលណាដើម្បីរាប់សន្លឹកឆ្នោតជាសិទ្ធិរបស់រដ្ឋនីមួយៗ ជាហេតុធ្វើឱ្យពេលវេលាមុនក្រោយមិនស្មើគ្នា។
បើបេក្ខជនម្នាក់ៗទទួលបានលទ្ធផលឆ្នោតប្រហាក់ប្រហែលគ្នាខ្លាំងពេក គណបក្សនយោបាយនីមួយៗអាចមានសិទ្ធិស្នើសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។ ដូច្នេះ លទ្ធផលឆ្នោតត្រូវពន្យារពេល។ អ្វីៗដែលរៀបរាប់ខាងលើនេះសំដៅទៅលើសេណារីយោដែលអាចកើតមានដោយសារការបោះឆ្នោតមិនប្រក្រតី។ ផ្ទុយទៅវិញ បើការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ហើយលទ្ធផលឆ្នោតបង្ហាញភាពចាញ់ដាច់ និងឈ្នះដាច់នៅក្នុងរដ្ឋធំៗទាំង៧ (មានន័យថាសន្លឹកឆ្នោតលើសលស់គ្នាខ្លាំង មិនចាំបាច់តវ៉ាឱ្យរាប់ឡើងវិញ) ពេលនោះលទ្ធផលឆ្នោតបឋមទូទាំងប្រទេសអាមេរិកអាចនឹងដឹងត្រឹមយប់ថ្ងៃអង្គារនៅញូយ៉ក៕