លោកស្រី កាម៉ាឡា ហារីស ទទួលស្គាល់បរាជ័យ ហើយអបអរសាទរលោក ដូណាល់ ត្រាំ
(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានសន្យាថានឹងបន្តប្រយុទ្ធតស៊ូ ដើម្បីឧត្តមគតិដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី អំឡុងថ្លៃសុន្ទរកថាមួយទទួលស្គាល់បរាជ័យ និងទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់អ្នកគាំទ្រដែលមានអ្នកខ្លះសម្រក់ទឹកភ្នែកសោកស្ដាយផងនោះ នៅឯសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ហារីស បានគូសបញ្ជាក់ដូច្នេះថា «ខណៈខ្ញុំទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ខ្ញុំមិនបានបោះបង់ចោលការប្រយុទ្ធតស៊ូដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត នេះនោះទេ»។ លោកស្រីបន្ថែមថានឹងបន្តតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ស្ត្រី និងប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ហើយនឹងប្រយុទ្ធតស៊ូដើម្បីភាពថ្លៃថ្នូរដែល មនុស្សទាំងអស់គ្នាសមនឹងទទួលបាន ៕