អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក ជាថ្មីម្ដងទៀតក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល
ភ្នំពេញ៖ អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកជំទាវបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្ស សូមជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោកជំទាវបញ្ជាក់ថា «នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅឆ្នាំ២០២៤»។
បើតាមលោកជំទាវ អ៊ឹម រចនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ មានទីផ្សារ និងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក៕