ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ JICA ដឹកនាំដោយលោកស្រី TOYAMA HARUKO ចូលជួបពិភាក្សាការងារ
នៅថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ JICA ដឹកនាំដោយលោកស្រី TOYAMA HARUKO ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចជំនួបនាពេលនេះគឺដើម្បីពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ របស់គណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹងបរិបូណ៍-បំណក់គំរូ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។
សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងបញ្ជូនប្រតិភូតំបន់កែលម្អដីតៃសេដស៊ូ (TAISETSU Land Improvement District) ខេត្តហុកកៃដូ ប្រទេសជប៉ុន ដើម្បីធ្វើការផ្លាស់ប្តូរបទ ពិសោធន៍លើការគ្រប់គ្រងធនធានទឹកនៅតាមអាងស្ទឹងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ កិច្ចសហការនេះក៏បានបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ និងសហគមន៍កសិករប្រើប្រាស់ទឹកលើការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹកតាមអាងស្ទឹងក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង៕