អ្នកនាំពាក្យក្រសួងការងារ ៖ កំណើនវិនិយោគបរទេស បង្កើតឱកាសការងារក្នុងស្រុកជាច្រើន ក្នុងឆ្នាំ២០២៤
(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា កំណើនថ្មីនៃការវិនិយោគបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារផ្នែកឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ ខណៈមានការចុះបញ្ជិការបង្កើតរោងចក្រថ្មីៗជាច្រើនកន្លែងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។
លោករដ្ឋលេខា បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសកត្តាសន្តិភាព គឺជាកត្តាដ៏សំខាន់ក្នុងការស្រូបយកការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់មកក្នុងប្រទេសកម្ពុជា និងអាចបង្កើតការងារនៅក្នុងស្រុកជូនដល់ពលរដ្ឋកម្ពុជាជាច្រើន ៕