ជើងខ្លាំងវ៉ៃមិនដែលចាញ់ Benn អាចឡើងសង្វៀនវិញ ដ្បិតបម្រាមរឿងពាក់ព័ន្ធសារធាតុញៀន ត្រូវបានដកចេញ

(បរទេស)៖ កីឡាករប្រដាល់វ៉ៃ ២៣លើកមិនដែលចាញ់ Conor Benn មានសេរីភាពឡើងវិញ បន្ទាប់ពីបម្រាមព្យួរការ ប្រកួតរយៈពេល ២ឆ្នាំ ត្រូវបានដកចេញ តាមរយៈការឯកភាពពីស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន Ukad និងស្ថាប័នប្រដាល់អង់គ្លេសរួចមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករប្រដាល់សកលអង់គ្លេស វ័យ ២៨ឆ្នាំខាងលើនេះ ដែលកំពុងកាន់កាប់កំណត់ត្រា ប្រកួត ២៣លើកមិនដែលចាញ់នោះ កាលពីឆ្នាំ២០២២ Benn តេស្តវិជ្ជមាន ២លើក ពីការស្វែងរកសារធាតុញៀន គឺជាពេលដែលលោកកំពុងឡើងខ្លាំង ក្នុងអាជីពឈឺសាច់មួយនេះ។
មែនទែនទៅ ស្ថាប័ន NADP ក៏បានដកបម្រាមទៅលើ Benn កាលពីខែកក្កដា ឆ្នាំ២០២៣ មកម្ល៉េះ ក៏ប៉ុន្តែក្រោយមកត្រូវបានជាប់វិញ ដោយសារ Ukad និង BBBofC មានការប្តឹងផ្តល់កាលពីខែឧសភា ឆ្នាំ២០២៤។
Ukad បានចេញសេចក្តីថ្លែងការណ៍ថា «ការពិន័យដែលប្រឆាំងទៅនឹង Benn គឺត្រូវបានលើកលែងវិញហើយ ជាមួយនឹងការសើរើឡើងវិញ ទាំងការសម្រេចចិត្ត និងតម្លាភាព»។
ករណីសំខាន់មួយក្នុងការធ្វើតេស្តរកសារធាតុញឿនរបស់ Benn គឺត្រូវបានធ្វើឡើងដោយស្ថាប័នស្ម័គ្រចិត្តប្រឆាំងសារធាតុញៀន Vada និងបង់ថ្លៃដោយក្រុមផ្សព្វផ្សាយរបស់ Benn ដោយពុំមានចូលរួមពី Ukad ឡើយ៕

អត្ថបទដែលជាប់ទាក់ទង