មន្ត្រីនគរបាលលិខិតឆ្លងដែនម្នាក់ ខណៈកំពុងអង្គុយលើម៉ូតូ គោះកញ្ចក់រថយន្ត ១គ្រឿង ស្រាប់តែមានជនបិទមុខម្នាក់ ដើរទៅកា//ប់ក្បាលជាច្រើនពូថៅ បណ្ដាលឲ្យរបួសធ្ង//ន់ ហើយពុំដឹងថា ផ្ដើមចេញពីស្នេហាត្រីកោណ ឬគំនុំ?
ភ្នំពេញ ៖ ហេតុការណ៍នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ស្ថិតនៅមុខវត្តសំបួរមាស ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលលិខិតឆ្លងដែនម្នាក់ ខណៈកំពុងអង្គុយលើម៉ូតូ គោះកញ្ចក់រថយន្ត ១គ្រឿង ស្រាប់តែមានជនបិទមុខម្នាក់ ដើរទៅកា.ប់ក្បាលជាច្រើនពូថៅ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយពុំដឹងថា ផ្ដើមចេញពីស្នេហាត្រីកោណ ឬគំនុំនោះទេ។ បន្ទាប់មក ជនដៃដល់ បានបោះពូថៅចោល ហើយរត់ឡើងជិះម៉ូតូ ១គ្រឿង ដែលឈប់ចតនៅឆ្ងាយពីកន្លែងកើតហេតុ រួចគេចខ្លួនទៅបាត់ស្រមោល ។
បុរសរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គាត់ជាមន្ត្រីនគរបាលលិខិតឆ្លងដែន រងរបួសក្បាលធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ដោយឡែជនដៃដល់ ក៏ពុំទាន់ដឹងពីសមាសភាពនោះដែរ ជននោះបានបិទមុខ និងប្រដាប់ដោយពូថៅ ១ដើម និងជិះម៉ូតូ មិនស្គាល់ម៉ាក ១គ្រឿង ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KL-7494 ទៅឈប់ក្បែររថយន្ត ភីអាប់ ១គ្រឿង ហើយបានគោះកញ្ចក់រថយន្តនោះ ទំនងហៅអ្នកនៅក្នុងរថយន្តនោះ ឲ្យបើកកញ្ចក់ ។ ខណៈកំពុងតែគោះកញ្ចក់រថយន្ត បានតែ២តុក ប៉ុណ្ណោះ ក៏ស្រាប់តែមានជនបិទមុខម្នាក់ កាន់ពូថៅទៅដល់កាប់ជាច្រើនពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហូរឈាមជោកខ្លួនតែម្ដង ។
បុរសជានោះបាននិយាយថា ក្រោយកាប់រួច ជនដៃដល់បានបោះពូថៅចោល ហើយស្របពេលនោះ មានមន្ត្រីនគរបាលម្នាក់ ទៅទទួលកូនចេញពីរៀនឃើញបែបនេះ ក៏បានដេញតាមចាប់ ហើយត្រូវបានជនដៃដល់ ទាញឆ័ត្រវាយរហូតបាក់ដងឆ័ត្រ ។ ចំណែករូបគាត់ ក៏រត់ចូលទៅជួយចាប់ដែរ ប៉ុន្តែជនសង្ស័យ បានរត់ឡើងជិះម៉ូតូ ដែលចតទុកនៅឆ្ងាយពីកន្លែងកើតហេតុ ជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោ ក៏បានចុះទៅកាន់កន្លែងកើតហេតុនោះ ហើយបានរកឃើញពូថៅ ដែលជនដៃដល់បោះចោល ក្រោយពីកាប់ទៅលើជនរងគ្រោះរួច ។ បន្ទាប់មក នគរបាលបានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យ ៕